Register Already an agent ? Login

ប្លង់មេ និងផែនការអភិវឌ្ឍន៍វិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៥ នៅខេត្តកំពត ត្រូវបានក្រសួងបរិស្ថានអនុម័ត

កំពត៖ ប្លង់ មេនិងផែនការអភិវឌ្ឍន៍វិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៥ ស្ថិតនៅក្នុងឧទ្យានជាតិព្រះ មុនីវង្សបូកគោ ភូមិសាស្ត្រសង្កាត់ព្រែកត្នោត ខេត្តកំពត ត្រូវបានដាក់ឆ្លង និងអនុម័តនៅក្នុងកិច្ចប្រជុំពិនិត្យនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដោយក្រសួងបរិស្ថាន។

នៅក្នុងកិច្ចប្រជុំខាងលើ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងរដ្ឋលេខាធិការក្រសួងបរិស្ថាន ជឿជាក់ថាគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចនេះ នឹងចូលរួមបង្កើតសក្តានុពលទេសចរណ៍កាន់តែខ្លាំង និងមានជម្រើសកាន់តែច្រើន ចូលរួមបង្កើតការងារ និងបង្កើនជីវភាពប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ។

លោក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា «ទេសចរណ៍ធម្មជាតិផ្នែកមួយយ៉ាងសំខាន់ នៃទេសចរណ៍កម្ពុជា ហើយតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សចម្រុះដែលកំពុងត្រូវបានការពារបានយ៉ាងល្អប្រសើរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍នៅក្នុងបរិការណ៍នៃការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នេះ»។

ក្នុងរយៈពេលចុងក្រោយនេះ ពលរដ្ឋខ្មែរបានដើរកម្សាន្តច្រើននៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍ធម្មជាតិនានាក្នុងប្រទេសកម្ពុជា និងបាននាំចូលសេដ្ឋកិច្ចជាច្រើនទៅមូលដ្ឋាន និងបង្កើតការងារថ្មីជូនពលរដ្ឋ ដែលជាផ្នែកមួយនៃ ការចូលរួមពង្រឹងលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ។ បើតាមការលើកឡើងរបស់ លោក នេត្រ ភក្ត្រា។

លោក បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងបានផ្តល់តម្លៃខ្ពស់នៃតំបន់ទេសចរណ៍ធម្មជាតិ និងមានមោទកភាពចំពោះសម្បត្តិ ធនធានរបស់កម្ពុជា។ ជាពិសេសតាមរយៈដំណើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ធម្មជាតិនានា រូបភាព និងទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៃប្រទេសកម្ពុជាត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅតាមបណ្តាញទំនាក់ទំនងសង្គម។

ជាមួយគ្នា នៅតាមប្រព័ន្ធផ្សព្វផ្សាយនានា ដែលបានចូលរួមកាន់តែខ្លាំងថែមទៀត ក្នុងការបណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងបានចូលរួមថែរក្សាការពារនូវទេសភាព និងសម្បត្តិធម្មជាតិទាំងនេះសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។ បើតាមការលើកឡើងបន្តទៀតរបស់ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងរដ្ឋលេខាធិការក្រសួងបរិស្ថាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)