Register Already an agent ? Login

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១ ទីផ្សារបូរីមាន តម្លៃលក់កើនពី ៨ភាគរយ ទៅ ១៣ភាគរយ

ភ្នំពេញ​៖ នៅក្នុងត្រីមាសទី៣-២០២១ ទីផ្សារបូរីនៅតែរឹងមាំ តម្លៃលក់បានកើនពី ៨ភាគរយ ទៅ ១៣ភាគរយ បើធៀបនឹងត្រីមាសមុន ទោះប្រទេសកំពុងជួបវិបត្តិកូវីដ-១៩ក្ដី ខណៈគម្រោងថ្មី ២២គម្រោង ក៏ត្រូវបានបើកលក់ នៅក្នុងត្រីមាសនេះដែរ។ បើតាមរបាយការណ៍របស់ CBRE Cambodia។

របាយការណ៍របស់ CBRE Cambodia ដែលបានចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានបន្តឱ្យដឹងថា ក្នុងត្រីមាសទី៣ មានគម្រោងដែលបញ្ចប់ការសាងសង់ ៣គម្រោង ខណៈ ចំនួនការផ្គត់ផ្គង់បូរីទាំងអស់ត្រឹមត្រីមាសនេះ មានដល់ជិត ៩៣,០០០ផ្ទះ ដែលកើនប្រមាណ 0.៥ភាគរយ បើធៀបនឹងត្រីមាសមុន។

ត្រឹមចុងឆ្នាំ២០២១ ការផ្គត់ផ្គង់ នឹងកើនដល់ ២៧៤គម្រោង ឬស្មើនឹងជាង ៩៨,០០០ផ្ទះ។ ទោះជាយ៉ាងណាក្ដី ដោយសារវិបត្តិកូវីដ-១៩ គម្រោងខ្លះអាចនឹងពន្យារពេលការបិទបញ្ចប់ការដ្ឋានគម្រោង ប៉ុន្តែភាគច្រើនមិនលើសពី ៨ ទៅ ១២ខែ ព្រោះម្ចាស់បូរីនៅតែចង់រក្សាទំនុកចិត្តដល់អ្នកទិញ។ បើតាមរបាយការណ៍ដដែល ដែល CBRE Cambodia បានព្យាករទុក។

បើតាមរបាយការណ៍ CBRE Cambodia ដដែលបានបន្តឱ្យដឹងទៀតថា បើធៀបនឹងអចលនទ្រព្យផ្សេងទៀត ដូចជាខុនដូ ទីផ្សារបូរីនៅមានលំនឹងល្អជាង ពិសេសសម្រាប់បូរីប្រភេទតម្លៃមធ្យម និងតម្លៃសមរម្យ។ ក្នុងត្រីមាសទី២ តម្លៃផ្ទះល្វែង (flat house) កើនប្រមាណ ១១.៤ភាគរយ តម្លៃផ្ទះល្វែងកូនកាត់(link house) កើន១៣.៤ភាគរយ ខណៈ ផ្ទះអាជីវកម្ម (shop house) កើនជាង៨ភាគរយ។

នៅក្នុងរបាយការណ៍ដដែល ក៏បានបន្ថែមថា ការកើនឡើងនៃតម្លៃនេះ គឺដោយសារតែទី១ មានគម្រោងប្លែកថ្មីជាច្រើនបានចាប់ផ្ដើមនៅទីតាំងថ្មីៗនិងល្អៗ ដែលជាការទាក់ទាញអ្នកទិញ និងទី២ គម្រោងភាគច្រើនគឺធ្វើឡើងដោយក្រុមហ៊ុនល្បីឈ្មោះ ដែលជាកត្តាទំនុកចិត្ត។ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ដូចជាផ្លូវប្រវាត់ក្រុង ផ្លូវ៦០ម៉ែត្រ និងផ្លូវ៣០ម៉ែត្រ នៅតែកត្តាជំរុញសក្ដានុពលនៃគម្រោងបូរី ខណៈ និន្នាការវិនិយោគលើបូរីនៅតែបន្ដភាពវិជ្ជមានសម្រាប់ប្រជាជនកម្ពុជា៕

ប្រភព៖ construction-property

ដោយ៖ មឿន​ ឌីណា (Moeun Dyna)