Register Already an agent ? Login

រយៈពេល ៨ខែ ឆ្នាំ២០២១ គម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេសបានធ្លាក់ចុះ ៣០គម្រោង

ភ្នំពេញ៖ រយៈពេល ៨ខែ ឆ្នាំ២០២១ ស្ថានភាពវិនិយោគមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ជាក់ស្ដែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគឯកជនក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៧៥គម្រោង បានធ្លាក់ចុះ ៣០គម្រោង។ បើតាមរបាយការណ៍​ស្តីពី​និន្នាការ​សេដ្ឋកិច្ច​សង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

និន្នាការសេដ្ឋកិច្ចសង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តឱ្យដឹងថា លទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណ ៥៧,០០០​នាក់ ធ្លាក់ចុះ ៣២.៣​ភាគរយ និង​មាន​ទុនវិនិយោគ​សរុប ១,១០៦លាន​ដុល្លារ ធ្លាក់ ៥២.៥​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០២០។

ការធ្លាក់ចុះ​គម្រោង​វិនិយោគឯកជន​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ជាប់​ទាក់ទង​នឹង​ឥទ្ធិពល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ដែល​បង្ខំ​ឱ្យ​ប្រទេស​នីមួយៗ​រឹតបន្តឹង ឬ​បិទ​ព្រំដែន​សម្រាប់​ការធ្វើ​ដំណើរ​។ បើតាមលើកឡើងរបស់ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានបន្តថា បន្ថែម​លើ​នេះ ប្រទេស​នីមួយៗ​សុទ្ធតែ​បានកំណត់​ពី​រយៈពេល​នៃ​ការធ្វើ​ចត្តាឡីស័ក​យូរថ្ងៃ​ដែល​ធ្វើឱ្យ​ឱកាស​នៃ​ការចូល​មក​សិក្សា​ទីផ្សារ ទីតាំង​​វិនិយោគ និង​បែបបទ​វិនិយោគ​ត្រូវ​ជាប់គាំង​។

ទោះ​យ៉ាងណា​សម្រាប់​កម្ពុជា ដែលជា​ប្រទេស​មាន​អត្រា​អ្នក​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​-១៩ បាន​ច្រើនជាងគេ​ក្នុង​តំបន់ រំពឹង​ថា​នឹង​អាច​ចាប់ផ្តើម​បើក​ដំណើរការ​សេដ្ឋកិច្ច​របស់ខ្លួន​ឱ្យបាន​ទូលំទូលាយ​ក្នុង​ពេល​ឆាប់ៗ​។ បើតាមការលើកឡើងបន្តទៀតរបស់ លឹម ហេង បានបញ្ជាក់ «ការ​កាត់បន្ថយ​រយៈពេល​ធ្វើ​ចត្តាឡីស័ក និង​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​នឹង​បើកឱកាស​ឱ្យ​វិនិយោគិន​ជាច្រើន​ធ្វើដំណើរ​មក​កម្ពុជា»។

បើតាម លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានបន្ថែមថា ​កំណើន​នៃ​ការដាក់​ពាក្យស្នើសុំ​វិនិយោគ ក៏ដូចជា​ការអនុម័ត​របស់​អាជ្ញាធរ​នឹងមាន​សម្ទុះ​ឡើងវិញ ពិសេស​ចាប់ពី​ដើមឆ្នាំ​២០២២ ដែល​ពេលនោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​លក្ខណៈ​តំបន់ក៏​ត្រូវ​ចូល​ជា​ធរមាន​ផងដែរ។

បើតាមកាសែតភ្នំពេញប៉ុស្តិ៍ ដែលបានស្រង់សំដី លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ថា ចាប់ពី​មាន​វិបត្តិ​ជំងឺ​កូវីដ​-១៩ ពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ សញ្ញា​នៃ​ការ​មក​ស្នើសុំ​វិនិយោគ​ហាក់​មិន​មាន​សញ្ញា​វិជ្ជមាន​នោះទេ ព្រោះ​កូវីដ​-១៩ ធ្វើឱ្យ​កម្រិត​នៃ​ភាពជឿជាក់​លើ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ធ្លាក់ចុះ​។

លោក​ បានបន្តថា ក្តីបារម្ភ​ពី​សុវត្ថិភាព​ផ្នែក​សុខភាព និង​ភាពមិន​ច្បាស់លាស់​នៃ​តម្រូវការ​ទីផ្សារ ធ្វើឱ្យ​ផែនការ​វិនិយោគ​ជាច្រើន​ត្រូវ​ពន្យារពេល​។ ម្យ៉ាងទៀត​ភាពប្រទាញប្រទង់​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំៗ​ទាំង ២ លើ​ពិភពលោក​ក៏​បាន​ជះ​ឥទ្ធិពល​ធ្វើឱ្យ​វិនិយោគិន​មួយចំនួន​មាន​ភាពរារែក​ក្នុង​ការសម្រេចចិត្ត​ទៅ​វិនិយោគ​នៅ​ប្រទេស ឬ​ទីតាំង​ណាមួយ​ផងដែរ​។

លោក​បានបញ្ជាក់ តាម​ការសង្កេត​វិស័យ​ដែល​កំពុង​ថមថយ ឬ​ជាប់គាំង​នៅពេលនេះ​នឹង​មាន​កំណើន​ឡើងវិញ​ក្នុងនោះ​រួមមាន​វិស័យ​ទេសចរណ៍​ ឧស្សាហកម្ម អចលនទ្រព្យ និង​សំណង់ និង​បច្ចេកវិទ្យា​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)