Register Already an agent ? Login

កម្ពុជា ទទួលបានចំណាត់ថ្នាក់ទី១ ហ្វីលីពីនទី២ ឡាវទី៣ ជាប្រទេសមានភាពរួសរាយរាក់ទាក់ជាងគេនៅលើពិភពលោក

ភ្នំពេញ៖ ប្រទេសកម្ពុជា ឈរនៅលេខរៀងទី១ ហ្វីលីពីនលេខ២ ឡាវលេខ៣ ណេប៉ាល់លេខ៤ ថៃលេខ៥ ខណៈដែលប្រទេសសមាជិកអាស៊ាន ២ទៀតគឺ មីយ៉ាន់ម៉ាលេខ៦ ឥណ្ឌូនេស៊ីលេខ៧។ រីឯប្រទេស ដែលទទួលបានចំណាត់ទី៨ គឺប្រទេសហ្វីជី ប្រទេសស្កុតលែនលេខ៩ និងចុងក្រោយប្រទេសស្រីលង្កាលេខ១០ ជាប្រទេសមានភាពរួសរាយរាក់ទាក់ជាងគេនៅលើពិភពលោក។ បើតាមក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍បានឱ្យដឹងថា ការស្ទង់មតិពីអ្នកទេសចរនៅលើពិភពលោក ដោយវែបសាយអន្តរជាតិមួយឈ្មោះ «Rough Guides» ដែលជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមគ្គុទេសក៍ដ៏ល្បីល្បាញ អំពីប្រទេសដែលរួសរាយរាក់ទាក់ជាងគេបំផុតនៅលើពិភពលោក «The World's Friendliest Countries» បានបង្ហាញថា កម្ពុជាជាប់ចំណាត់លេខ១ ដែលមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេ នៅក្នុងប្រព័ន្ធអ៊ីនធឺណឺតថា ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត នៅលើពិភពលោក។

នៅក្នុងលទ្ធផលស្ទង់មតិនេះ Rough Guides បានលើកឡើងថា រហូតមកដល់ពេលនេះប្រទេសកម្ពុជា គឺបានស្ថិតក្នុងកំពូលតារាង នៅក្នុងការស្ទង់មតិរបស់យើង ដែលជាជម្រើសដ៏មានប្រជាប្រិយក្នុងចំណោមបុគ្គលិក និងអ្នកតាមដាន Rough Guides នៅលើ Twitter ដូចគ្នា។ បើតាមការបន្តរបស់ក្រសួងទេសចរណ៍ បានបន្តទៀតថា អ្នកចូលរួមផ្តល់មតិយោបល់ម្នាក់ គឺលោកស្រី Andrea Leber បាននិយាយថា «ពួកគេ (ប្រជាជនកម្ពុជា) បានឆ្លងកាត់ការលំបាកច្រើន ប៉ុន្តែពួកគេនៅតែមានស្នាមញញឹមនៅលើមុខ»។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងនៅថ្ងៃទី១១ តុលា ឆ្នាំ២០២១ថា លទ្ធផលស្ទង់មតិនេះគឺត្រឹមត្រូវបំផុត ព្រោះពីបុរាណកាលដើមមក ប្រជាជនកម្ពុជាត្រូវបានចាត់ទុកថា មនុស្សដែលមានភាពរួសរាយរាក់ទាក់ និងតែងតែផ្តល់នូវស្នាមញញឹមដល់អ្នកទេសចរគ្រប់ជាតិសាសន៍ និងអ្នកភូមិផងរបងជាមួយ រាប់ចាប់តាំងពីអ្នករស់នៅតាមស្រុកស្រែជនបទ និងប្រតិបត្តករទេសចណ៍។

លោកស្រី បានថ្លែងបន្តថា តាមរយៈការស្ទង់មតិរបស់ Rough Guides និងស្នាមញញឹមដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលបានផ្សព្វផ្សាយនៅលើពិភពលោក នឹងធ្វើឱ្យកម្ពុជាកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅកម្ពុជានាពេលខាងមុខ ខណៈដែលកម្ពុជាគ្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ នៅចុងឆ្នាំនេះ។

កេរ្តិ៍ឈ្មោះ ក៏ដូចជាការផ្តល់ពិន្ទុឱ្យកម្ពុជាថា ជាអ្នករួសរាយរាក់ទាក់ជាងគេ គឺជាកេរ្តិ៍ឈ្មោះដ៏ល្អរបស់កម្ពុជា ដែលនឹងទាក់ទាញភ្ញៀវទេសចរ ដែលនឹងគម្រោងធ្វើដំណើរក្រោយពីវិបត្តិ។ បើតាមការថ្លែងបន្តទៀតរបស់ លោកស្រី ឆាយ ស៊ីវលីន បានបន្ថែមថា អ្នកទេសចរ គឺគេដើរលេងកាលណាគេដើរលេងគេចង់បានបដិសណ្ឋារកិច្ចល្អ គេចង់បានការទទួល ភាពរួសរាយរាក់ទាក់ គេចង់បានចឹង។ អ៊ីចឹងវាជាផ្នែកមួយនៅក្នុងការទាក់ទាញឱ្យគេគិតដែរថា គេគួរតែទៅប្រទេសណា ដែលមានភាពរួសរាយរាក់ទាក់ វាធ្វើឱ្យដំណើរកម្សាន្តរបស់គេកាន់តែមានគុណភាពទៀត។

លោកស្រី បានបន្ថែមទៀតថា កាលពីពេលកន្លងទៅ Rough Guides ដែលជាក្រុមហ៊ុនជំនាញខាងទេសចរណ៍ មានស្នាក់ការនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានដាក់ការស្ទង់មតិមួយ នៅលើបណ្តាញសង្គម Twitter និង Facebook របស់ខ្លួន អំពីប្រទេសដែលមានភាពរួសរាយរាក់ទាក់ ជាងគេបំផុតលើពិភពលោក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)