Register Already an agent ? Login

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រំពឹងថាក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះនឹងមានភ្ញៀវទេសចរមកកម្សាន្តច្រើន

ពោធិ៍សាត់៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រំពឹងថាក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ នឹងមានភ្ញៀវទេសចរមកកម្សាន្តក្នុងទឹកដីខេត្តមួយនេះច្រើន ខណៈមន្ទីរបានពង្រឹងវិធានការសុខាភិបាលការពារជំងឺកូវីដ-១៩ យ៉ាងម៉ឺងម៉ាត់ ដើម្បីសុវត្ថិភាពទាំងភ្ញៀវទេសចរ និងអ្នកផ្តល់សេវាកម្មទេសចរណ៍ផងដែរ។ តាមគេហទំព័រក្រសួងព័ត៌មានផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ លោក សំ ឃីម បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ មន្ទីរទេសចរណ៍បានព្យាករណ៍ថា នឹងមានភ្ញៀវទេសចរ មកលេងកម្សាន្តក្នុងខេត្តពោធិ៍សាត់ ច្រើន ដោយសារខេត្តមួយនេះ មានតំបន់ទេសចរណ៍ច្រើនកន្លែង ទាំងរមណីដ្ឋានធម្មជាតិនិងកែច្នៃ ហើយមន្ទីរក៏គិតគូររៀបចំកែលម្អ ទីវត្តអារាមឱ្យកាន់តែមានសោភ័ណភាពល្អ ដែលជាទីសក្ការៈ និងជាកន្លែងសម្រាប់ដំណើរកម្សាន្តផងដែរ។

លោក សំ ឃីម បានបន្តថា ដើម្បីឱ្យភ្ញៀវទេសចរ ទទួលសុវត្ថិភាព និងទំនុកចិត្តពេលមកកម្សាន្តនោះ មន្ទីរក៏បានផ្សព្វផ្សាយ ទៅដល់អ្នកបម្រើសេវាកម្មទេសចរណ៍ទាំងអស់ ឱ្យពង្រឹងលើសេវាកម្មរបស់ខ្លួន ឱ្យបានខ្ជាប់ខ្ជួនស្របតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានមានប្រសាសន៍បន្តថា ខ្ញុំសូមជម្រាបដែរថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះខ្ញុំបានជម្រាបហើយយើងនឹងសង្ឃឹមថាភ្ញៀវនឹងមានការកើនឡើង ព្រោះគេចាប់អារម្មណ៍ណាស់ចឹង ទី១យើងធ្វើការផ្សព្វផ្សាយឱ្យទូលាយ ទី២យើងត្រូវធ្វើបដិសណ្ឋារកិច្ចជូនភ្ញៀវឱ្យបានល្អហើយយើងផ្ដល់ព័ត៌មានពិត ថាល្អគឺល្អមកលេងបានគឺមកលេងបាន សម្រាកបានគឺសម្រាកបាន សម្រាកមិនបានគឺសម្រាកមិនបាន»។

លោក ប្រធានមន្ទីរ បានរម្លឹកថា ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌកាលពីឆ្នាំ២០២០ កន្លងទៅ មានភ្ញៀវទេសចរ ចូលមកកម្សាន្ត ក្នុងខេត្តពោធិ៍សាត់ សរុបចំនួន ៧២ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០១៩ កើនឡើង ៤៣ភាគរយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)