Register Already an agent ? Login

សម្ដេច ហ៊ុន សែន៖ សេដ្ឋកិច្ចកម្ពុជានឹងកើន ៤,១% ឆ្នាំនេះ តែដោយសាជំងឺសកលកំណើននេះបានធ្លាក់មក ២,៥%

ភ្នំពេញ៖ តាមការព្យាករ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៤,១ភាគរយ នៅឆ្នាំ២០២១ ពីព្រោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តនូវគម្រោងវិនិយោគថ្មីៗមិនដាច់ ប៉ុន្តែដោយមានការរំខានពីជំងឺកូវីដ-១៩ សេដ្ឋកិច្ចបានធ្លាក់ចុះមកនៅត្រឹមតែ ២,៥ភាគរយប៉ុណ្ណោះ។ បើតាមការថ្លែងរបស់ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ «ក្នុងអំឡុងពេលជួបវិបត្តិនៃជំងឹកូវីដ-១៩នេះ សេដ្ឋកិច្ចរបស់កម្ពុជា ពឹងផ្អែកខ្លាំងទៅលើវិស័យកសិកម្ម»។

នៅក្នុងពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ កាលពីថ្ងៃទី១ ខែសីហា នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ការនាំចេញផលិតផលកសិកម្ម រយៈពេល៧ខែ ដើមឆ្នាំ២០២១ មានកើនឡើងលើសការរំពឹងទុក ថ្វីដ្បិតតែការនាំចេញអង្ករមានការធ្លាក់ចុះបន្តិច ប៉ុន្តែការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងទៅកាន់ប្រទេសអារ៉ាប់រួម មានកំណើនរហូតដល់ ២០០ភាគរយ។

ការនាំចេញគ្រាប់ស្វាយចន្ទី កើនឡើងជិត ៣០០ភាគរយ រួមទាំងការនាំចេញ ស្វាយ ចេក ដែលសរុបនៃការនាំចេញទាំងអស់ មានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។ បើតាមការថ្លែងបន្តទៀតរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានបន្ថែមថា ក្រៅពីវិស័យកសិកម្ម ក៏មានវិស័យឧស្សាហកម្មធុនតូច និងមធ្យម នៅតែជាចំណុចស្នូលក្នុងការជួយធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ដែលទាមទារឱ្យរកវិធីក្នុងការជំរុញវិស័យនេះផងដែរ។

បើតាមការថ្លែgរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា កម្ពុជាមានប្រភពចំណូល ៥ធំៗរួមមាន៖

១.ចំណូលចរន្ត ក្នុង១ខែជាមធ្យមមានចំនួន ៤០០លានដុល្លារ ដែលអាចទ្រទ្រង់នូវការចំណាយ ដោយក្នុងរយៈពេល៧ខែ ឆ្នាំ២០២១ ចំណូលគយ និងពន្ធដារ ទទួលបានចំនួន ៣,០៦១លានដុល្លារ។

២.សាច់ប្រាក់សន្សំបានជាង ៣ពាន់លានដុល្លារ មុនពេលនៃការមកដល់នៃជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានចាយអស់ជាង ១ពាន់លានដុល្លារ នៅសល់សាច់ប្រាក់ ២ពាន់លានដុល្លារទៀត គឺមិនបានទៅរំខានដល់ទុនបម្រុងអន្តរជាតិ ២០ពាន់លានដុល្លារ និងមាសរាប់សិបតោននោះទេ។

៣.ជាថវិកាឧបត្ថម្ភរបស់សប្បុរសជន ពិសេសព្រះមហាក្សត្រ និងសម្តេចម៉ែ សម្រាប់ប្រើប្រាស់ប្រឆាំងកូវីដ-១៩ និងគ្រោះធម្មជាតិដោយទឹកជំនន់ផងដែរ ដែលរហូតមកដល់ពេលនេះទទួលជាង ១៤០លានដុល្លារ។

៤.ការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលទទួលបានជាជំនួយ រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធនាគារពិភពលោក ធនាគារអឺរ៉ុប ជាផ្នែកមួយនៃថវិកាសម្រាប់អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច។

៥.ជំនួយទ្វេភាគីនៃប្រទេសជាមិត្តភក្តិ ដូចជា ប្រទេសចិន បានផ្តល់ជាសម្ភារបរិក្ខារពេទ្យ វ៉ាក់សាំង ប្រទេសជប៉ុន ផ្តល់ជារថយន្ត ថ្នាំពេទ្យ សម្ភារបរិក្ខាពេទ្យ វ៉ាក់សាំង សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយ ១១លានដុល្លារ បូករួមជាមួយវ៉ាក់សាំងជាង ១លានដូស ប្រទេសអង់គ្លេស ដែលនឹងផ្តល់វ៉ាក់សាំងដល់កម្ពុជា អូស្ត្រាលី និងប្រទេសជិតខាងកម្ពុជា រួមមានវៀតណាម និងប្រទេសថៃផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)