Register Already an agent ? Login

កម្ពុជា-ចិន រំពឹងនៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មនឹងកើនដល់ ១០ប៊ីលានដុល្លារ

ភ្នំពេញ៖ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានជាង ៨ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២០ ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ បើតាមការថ្លែងឱ្យដឹងពី លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបន្តថា ភាគីទាំងពីររំពឹងថា ទំហំនេះនឹងកើនដល់ ១០ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៣ខាងមុខ។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដែលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរតែងសម្រេចបានលើសពីទំហំរំពឹងទុក។ បើតាមការថ្លែងបន្តទៀតរបស់ លោក សុខ សុភ័ក្ត្រ បានរម្លឹងថា ជាក់ស្តែងក្នុងឆ្នាំ២០១៧ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនសម្រេចបានទំហំជាង ៥,៨ប៊ីលានដុល្លារ ពោលគឺមានកំណើន ១៦ភាគរយ លើសការរំពឹងទុក។

ក្រៅពីការសម្រេចបាននូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០កន្លងទៅ ទំនាក់ទំនងកម្ពុជា-ចិនកាន់តែស្អិតល្មួតរៀងរាល់ឆ្នាំតាមរយៈការគាំទ្រ និងការផ្តល់ភាពបត់បែនឱ្យគ្នានៅក្នុងកិច្ចចរចាក្នុងក្របខណ្ឌតំបន់ និងសាកល។ បើតាមការថ្លែងបន្ថែមរបស់ លោក សុខ សុភ័ក្ត្រ បានបន្ថែមទៀតថា ភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់គ្នា និងពិធីសារនានាទាក់ទងនឹងពាណិជ្ជកម្ម-វិនិយោគ ដែលផ្តល់កាលានុវត្តភាពក្នុងការពង្រឹងពាណិជ្ជកម្ម-វិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែទូលាយនិងទំនើប។

លោក រដ្ឋលេខាធិការរូបនេះ បានថ្លែងបន្ថែមទៀតថា អ្វីដែលជាមោទកភាពបំផុតគឺការសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ ដែលភាគីទាំងពីរកំពុងជំរុញនីតិវិធីសេសសល់ ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានបានឆាប់។

លោក បានបញ្ជាក់ថា «ទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទ្វេភាគី កម្ពុជា-ចិន មានភាពចាំបាច់ខ្លាំងណាស់ក្នុងបរិការណ៍នៃការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសាកល»៕

ប្រភព៖ គេហទំព័រកម្ពុជាថ្មី

ដោយ៖ មឿន ឌីណា (Moeun Dyna)