Register Already an agent ? Login

លោក ខាន់ ម៉ាណេរ តម្រូវឱ្យក្រុមហ៊ុនធ្វើកំណាត់ផ្លូវចោមចៅ-កំពត បំពេញបន្ថែមចំណុចខ្វះខាត មុននឹងប្រគល់ឱ្យកសួង

ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលដឹកនាំដោយ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ បន្ទាប់ពីពិនិត្យការងារបច្ចេកទេសសាងសង់កំណាត់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) រួចហើយ បានណែនាំឱ្យក្រុមហ៊ុនសាងសង់កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាតដែលនៅសេសសល់មួយចំនួនតូច មុននឹងប្រគល់-ទទួលរវាងក្រសួង និងក្រុមហ៊ុនសាងសង់។ បើតាមទំព័រហ្វេសប៊ុកក្រសួងដឹកជញ្ជូននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០២១។

ការចុះពិនិត្យកំណាត់ផ្លូវនេះ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាធ្វើយ៉ាងណាឱ្យផ្លូវមានគុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យាសាងសង់។ បើតាមក្រសួងដឹកញ្ជូន បានបន្តថា នឹងដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្ន មុនធ្វើការប្រគល់-ទទួល។

នាឱកាសនោះ លោក រដ្ឋលេខាធិការ ខាន់ ម៉ាណេរ បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិឱ្យបានគង់វង្ស អាចប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាមកសាងសង់ដោយលំបាក។ បើតាមការបន្តទៀតរបស់ ក្រសួងដឹកជញ្ជូន។

ក្រសួងបានបន្ថែមថា ជាមួយគ្នា លោក បានទទូចគ្រប់អ្នកធ្វើដំណើរតាមផ្លូវជាតិនេះ សូមកុំប្រថុយប្រថានដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ កុំបើកលើសល្បឿនកំណត់ដោយច្បាប់ ដើម្បីចូលរួមចំណែកក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើងឱ្យកាន់តែរីកចម្រើន។

គួររម្លឹកផងដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤,៧៩គីឡូម៉ែត្រ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ អនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)