Register Already an agent ? Login

កម្ពុជានាំចេញកសិផលឆមាសទី១ ឆ្នាំ២០២១ ទទួលទឹកប្រាក់ ២,៥ពាន់លានដុល្លារ កើនឡើងចំនួនជាង ១០៧%

ភ្នំពេញ៖​ កម្ពុជានាំចេញកសិផលសរុបក្នុងឆមាសទី១ ឆ្នាំ២០២១ ទទួលទឹកប្រាក់ជាង ២,៥៧១លានដុល្លារ ប្រមាណ ៨៤,៦៤ភាគរយ ក្នុងនោះកសិផលកើនឡើងចំនួន ១០៧,១៦ភាគរយ។ បើតាមទំព័រហ្វេសប៊ុក របស់ លោក​ វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រិក្ខាប្រមាញ់និងនេសាទ បានបន្តឱ្យដឹងថា ការនាំចេញអង្ករមានការធ្លាក់ចុះ -២៩,៤៧ភាគរយ ដោយសារកង្វះទូកុងតេន័រសម្រាប់ផ្ទុក តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ចុះ ពិសេសសហភាពអឺរ៉ុប។

ល្បឿនការងារបង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ២០២១ គិតមកទល់ពេលនេះ សម្រេចបាន ៨៦,៨១ផាគរយ នៃផែនការជាង ២,៦លានហិកតា ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មសម្រេចបាន ៨៤ភាគរយ នៃផែនការ។ បើតាមការបន្តនៅក្នុងទំព័រហ្វេសប៊ុក របស់ លោក​ វេង សាខុនដដែល។

បើតាមទំព័រហ្វេសនេះបានបន្ថែមថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ៣៨ ក្នុងពិភពលោកសម្រេចបាននូវគោលដៅសហស្សវត្សរ៍ក្នុងការប្រយុទ្ធនឹងភាពក្រីក្រ គិតត្រឹមឆ្នាំ២០១២ មុនគោលដៅសហស្សវត្សរ៍៣ឆ្នាំ និងបានទទួលបណ្ណទទួលស្គាល់ពីអង្គការ FAO នៅក្នុងឆ្នាំ២០១៣។

បើតាមប្រភពដដែល បានបន្ថែមទៀតថា គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ មានគោលដៅចម្បងគឺបង្កើនតម្លៃបន្ថែមលើកសិផលឱ្យស្របតាមការរីកលូតលាស់សេដ្ឋកិច្ចជាតិឆ្លើយតបទៅនឹងវឌ្ឍនាការនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងបច្ចេកវិទ្យាឌីជីថល ពិសេសក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥។

វិស័យកសិកម្មមានសក្តានុពល និងកាលានុវត្តភាពសម្រាប់ធ្វើការអភិវឌ្ឍលក្ខណភូមិសាស្រ្តអំណោយផល ស្ថានភាពទីផ្សារកសិផលក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិកំពុងមានការកើនឡើង បរិយាកាសវិនិយោគ ការផ្លាស់ប្តូរឥរិយាបថរបស់កសិករទៅជាកសិពាណិជ្ជករប្រកបដោយភាពវៃឆ្លាតក្នុងបរិបទនៃបច្ចេកវិទ្យាឌីជីថល ធានាបានការផ្គត់ផ្គង់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងការប្រកួតប្រជែងការកែច្នៃវេចខ្ចប់។ បើតាមទំព័រហ្វេសប៊ុក របស់ លោក វេង សាខុនដដែល៕

 ដោយ៖ មឿន ឌីណា (Moeun Dyna)