Register Already an agent ? Login

ចិនផ្ដល់ជំនួយឥតសំណងជិត ៣លានដុល្លារ ដើម្បីបោសសម្អាតមីននិងសំណល់ជាតិផ្ទុះលើផ្ទៃដីជាង ១៧០០ហិកតា

ភ្នំពេញ៖ រដ្ឋាភិបាល​ចិន​បាន សម្រេចផ្តល់​ជំនួយ​ឥត​សំណង​មានទឹកប្រាក់សរុបចំនួន ២,៥០០,០០០​ដុល្លារ ជូនដល់​រាជរដ្ឋាភិបាល​កម្ពុជា ​តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ បើតាម​ទំព័រហ្វេសប៊ុក របស់ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC)។

លោក ហេង រតនា បានបន្តឱ្យដឹងថា ជំនួយនេះ មានរយៈពេល១២ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ ដោយរំដោះផ្ទៃដីចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង ១៧០០ហិកតា ហើយនិងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនចំនួន ៧ខេត្ត។

នៅក្នុងទំព័រហ្វេសប៊ុក​របស់ លោក ហេង រតនា បានបន្តឱ្យដឹងទៀតថា ជំនួយដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលមានកម្លាំងប្រតិបត្តិការសរុបចំនួនជិត ៣០០នាក់។

បើតាមទំព័រហ្វេសប៊ុក របស់អគ្គនាយក CMAC បានរម្លឹកថា លទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២១ គម្រោងជំនួយរបស់ចិនបានលុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលបានផ្តល់ជំនួយឥតសំណងមានទំហំថវិកាដូច ឆ្នាំ២០២២ដែរនោះ និងបានរំដោះដីចម្ការមីន គ្រាប់សំណល់ជាតិផ្ទុះចំនួនជិត ១០៨៣ហិចតា រុករកឃើញកំទេចគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង ៥០០០គ្រាប់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)