Register Already an agent ? Login

លោក ស៊ុន ចាន់ថុល លើកពីវឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលសម្រេចបាន ប្រាប់ទៅសភាពាណិជ្ជកម្មអាមេរិក

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូន សភាពាណិជ្ជកម្មអាមេរិក អំពីវឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅផ្លូវបេតុងកៅស៊ូ (AC) និងការតភ្ជាប់នៅគ្រប់ច្រកល្ហកទាំងអស់ ដើម្បីពង្រីកទំនាក់ទំនង និងពង្រីកវិសាលភាពសេដ្ឋកិច្ចរបស់កម្ពុជា។

នៅក្នុងជំនួបជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីបច្ចុប្បន្នភាពវឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែល សម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងសាងសង់នាពេលអនាគតក្នុងនោះរួមមាន៖

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ១ លេខ២ លេខ២២ លេខ៣ លេខ៤ លេខ៥ ផ្លូវជាតិលេខ៦ លេខ៧ លេខ៨ លេខ៤៨ លេខ១០ លេខ១១ លេខ៥៦ លេខ៥៨ និងផ្លូវជាតិលេខ៧៦ ដែលត្រូវបានបញ្ចប់ការសាងសង់រួចរាល់។ គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣១ លេខ៣៣ លេខ៤១ ពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) គម្រោងសាងសង់ផ្លូវជាតិលេខ៧១c កំពង់ចាម-ត្បូងឃ្មុំ និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះផងដែរ។

លោក រដ្ឋមន្រ្តី បានលើកឡើងបន្តឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ គិតរហូតមកទល់ពេលនេះសម្រេចបានជាង ៥០ភាគរយហើយ។ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ផ្លូវក្រវ៉ាត់ក្រុងទី២បញ្ចប់រួចរាល់ គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងដំណើរការសាងសង់ និងគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុងភ្នំពេញ។

«ទោះបីជាមានការរាតត្បាតពីជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោកក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានៅតែបន្តដំណើរការរបស់ខ្លួនឥតឈប់ឈរ មិនទាន់ឃើញមានគម្រោងណាមួយត្រូវបានរងផលប៉ះពាល់ដោយការរាតត្បាតពីជំងឺដ៏កាចសាហាវនេះនៅឡើយទេ»។ បើតាមការបញ្ជាក់ របស់ លោក ស៊ុន ចាន់ថុល។

លោក រដ្ឋមន្រ្តី បានលើកឡើងបន្តទៀតថា កម្ពុជា កំពុងគិតគូរអំពីគោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនបៃតងដើម្បីសម្របខ្លួនទៅតាមការរីកចម្រើននៃសាកលភាវូបនីយកម្ម ជាពិសេសការប្រើប្រាស់យានយន្តដែលដើរដោយថាមពលអគ្គិសនីជំនួសវិញ ដើម្បីអាចកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងជៀសវាងការបំភាយឧស្ម័នផ្ទះកញ្ចក់នៅពេលដែលយានយន្តអគ្គិសនីសាកភ្លើងដោយថាមពលកកើតឡើងវិញ។ ក្រសួង បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម័យទំនើបដើម្បីគាំទ្រដល់ផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលាកាត់ចំណាយក្រៅផ្លូវការ។

ទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស លោក ស៊ុន ចាន់ថុល បានជម្រាបជូនសភាពាណិជ្ជកម្មអាមេរិក អំពីការបង្កើត វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីអភិវឌ្ឍធនធានមនុស្សសម្រាប់ក្មេងជំនាន់ក្រោយ ជាពិសេស បណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យចេះធ្វើផ្លូវ អាចសាងសង់ស្ពានឆ្លងទន្លេមេគង្គបាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតប្រកបដោយគុណភាពរឹងមាំឱ្យដូនតាជំនាន់មុនដែលបានកសាងអង្គរវត្តទុកឱ្យ។

សភាពាណិជ្ជកម្មអាមេរិក បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្ដេជ្ញាចិត្តខ្ពស់ប្រកបដោយការទទួលខុសត្រូវដើម្បីបន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យមានការរីកចម្រើនយ៉ាងរហ័ស៕

ដោយ៖ Moeun Dyna