Register Already an agent ? Login

អភិបាលខេត្តកោះកុង ស្នើឱ្យអភិបាលស្រុកមណ្ឌលសីមា ដោះស្រាយបញ្ហាទំនាស់ដី ប្រកបដោយភាពអត់ធ្មត់

កោះកុង៖ លោក ស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង និងនាយករដ្ឋបាលសាលាស្រុកមណ្ឌលសីមា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានស្នើដល់ក្រុមប្រឹក្សា គណៈអភិបាលស្រុកមណ្ឌលសីមា ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការសំខាន់ៗមួយចំនួនក្នុងនោះ លោកស្រីបញ្ជាក់ «ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវដោះស្រាយប្រកបដោយភាពអត់ធ្មត់»។

ពិធីប្រកាសចូលកាន់មុខតំណែងខាងលើ លោក ស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងបន្តថា បច្ចុប្បន្នបញ្ហាទំនាស់ដីធ្លី នៅតែបន្តកើតមានខ្លះៗនៅឡើយក្នុងភូមិសាស្រ្តក្រុង-ស្រុក ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលស្រុក ត្រូវខិតខំព្យាយាមសម្របសម្រួល និងត្រូវមានវិធានការទប់ស្កាត់ ដើម្បីជៀសវាងកុំឱ្យបញ្ហានេះ បន្តកើតមានកាន់តែច្រើនឡើងដែលអាចបង្កភាពស្មុគស្មាញ និងកាន់តែមានការលំបាកក្នុងការដោះស្រាយ។

លោក ស្រី អភិបាលខេត្ត បានថ្លែងបន្តទៀតថា ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការបំពេញការងារក្នុងអង្គភាព ខ្ញុំស្នើសុំដល់ក្រុមប្រឹក្សា គណៈអភិបាល ស្រុកមណ្ឌលសីមា ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការសំខាន់ៗដូចខាងក្រោម៖

រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់គុណតម្លៃខ្ពស់បំផុតចំពោះការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សម្រាប់ជាមូលដ្ឋានក្នុងការជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើកស្ទួយសិទ្ធិសេរីភាពក្នុងសង្គមស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាកិច្ចការដែលមានការពាក់ព័ន្ធនឹងសកម្មភាពរបស់មនុស្សគ្រប់ៗរូបក្នុងសង្គម។ បើតាមថ្លែងបន្តទៀតរបស់ លោក ស្រី មិថុនា ភូថង បានបន្ថែមថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានគាំទ្រដល់កិច្ចដំណើរការកំណែទម្រង់ឱ្យដំណើរការដោយរលូន ក្រសួងមហាផ្ទៃនិងរដ្ឋបាលខេត្ត បានផ្តល់វគ្គតម្រង់ទិសដល់រដ្ឋបាលក្រុង ស្រុកជាបន្តបន្ទាប់ ក្នុងនោះរួមមាន អំពីការដឹកនាំ។

អំពីការផ្តល់សេវាសាធារណៈ រដ្ឋបាលស្រុកត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។ បើតាមការលើកឡើងបន្ថែមទៀតរបស់ អភិបាលខេត្តកោះកុង ដែលបានស្នើឱ្យអភិបាលស្រុកមណ្ឌលសីមា អនុវត្ត។

ដើម្បីបំពេញក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកមណ្ឌលសីមាដែលទើបតែទទួលបានការតែងតាំងថ្មី ខ្ញុំសង្ឃឹមជឿជាក់ថា លោកអភិបាល លោក លោកស្រីអភិបាលរងស្រុក និងលោកនាយករដ្ឋបាល ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍ស្រុកមណ្ឌលសីមា របស់យើងឱ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។ បើតាមលើកការលើកឡើងបន្ថែមទៀតរបស់ អភិបាលខេត្តកោះកុង។

ឱកាសនោះ លោក ស្រី មិថុនា ភូថង បានស្នើដល់ក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកមេឃុំ ត្រូវយកចិត្តទុកចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងសេចក្តីណែនាំនានារបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានហ្មត់ចត់ និងឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ Moeun Dyna