Register Already an agent ? Login

ខេត្តកែប គ្រោងអភិវឌ្ឍន៍កែលម្អរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ពីរកន្លែងបន្ថែមទៀត

កែប៖ គណៈកម្មារអភិវឌ្ឍតំបន់ឆ្នេរ កំពុងសិក្សាទីតាំងអភិវឌ្ឍន៍កែលម្អរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ចំនួន ២កន្លែងបន្ថែមទៀត៖ ១.ទីតាំងឆ្នេរខ្សាច់កម្សាន្ត ស្តិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និង២.កែលម្អឆ្នេរខ្យាច់ធម្មជាតិអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល  ស្រុកដំណាក់ចង្អើរខេត្តកែប។ បើតាមការថ្លែងឱ្យដឹងពី អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ នៅក្នុងកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំខាងលើ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងបន្តថា ទីតាំងទាំងពីរនេះ  នឹងអភិវឌ្ឍន៍ប្រែក្លាយ ទៅជាតំបន់សចរណ៍ដ៏ទាក់ទាញ មានសួនច្បារ ដងផ្លូវធំៗ និងមានគន្លងផ្លូវសម្រាប់ជិះកង់ និងថ្មើជើងផងដែរ។

«បើទោះបីជាយើងកំពុងជួបនូវស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដោយតែយើងមិនភ្លេចសកម្មភាពអភិវឌ្ឍន៍ខេត្តឡើយ ព្រោះខេត្តកែបជាគោលដៅទេសចរណ៍ ដែលរាជរដ្ឋាភិបាលកំណត់ទិសដៅជាខេត្តទេសចរណ៍សម្រាកលំហែរប្រណីតកម្រិតខ្ពស់នាពេលអនាគត»។ បើតាមការបញ្ជាក់ របស់ លោក សោម ពិសិដ្ឋ។

លោក អភិបាលខេត្តកែប ក៏បានស្នើឱ្យក្រុមការងារពាក់ព័ន្ធ ត្រូវពន្លឿនសិក្សាទីតាំងទាំងពីរខាងលើឱ្យបានលឿន និង សហការគ្នាជាមួយក្រុមការងារអន្តរក្រសួង នៃគណៈកម្មការអភិវឌ្ឍតំបន់ឆ្នេរ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យគម្រោងមួយនេះឆាប់ទទួលបានជោគជ័យ។

ការអភិវឌ្ឍន៍ឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នេះ ដើម្បីលើកកំខ្ពស់គុណភាពទេសចរណ៍ និងជួយឱ្យប្រជាពលរដ្ឋមានការងារធ្វើបន្ថែមទៀត សំដៅលើកស្ទួយជីវភាពគ្រួសារប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត។ បើតាមការលើកឡើងបន្តរបស់ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ក៏បានណែនាំឱ្យបន្តរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ៕

ដោយ៖ Moeun Dyna