Register Already an agent ? Login

ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន មានចំនួនជាង ៣ពាន់លានដុល្លារ កើនឡើងជិត ២០% បើធៀបនឹងឆ្នាំ២០២០

ភ្នំពេញ៖ រយៈពេល ៤ខែដំបូងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជានិងចិន មានចំនួនជាង ៣ពាន់លានដុល្លារ កើនឡើងជិត ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ យោងតាមរបាយការណ៍តួលេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបន្តឱ្យដឹងបន្តថា ក្នុងនោះទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួនជាង ៤២៣លានដុល្លារ កើនឡើង ៤២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មឱ្យដឹងថា រយៈពេល ៤ខែដំបូងឆ្នាំ២០២១នេះ បរិមាណនៃការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិនមានចំនួនជាង ១០,៤៧ម៉ឺនតោន ស្មើនឹង ៥៤,៤២ភាគរយ​ នៃការនាំចេញអង្ករសរុប។ ប្រទេសចិននៅតែជាទីផ្សារនាំចេញធំបំផុតសម្រាប់អង្ករកម្ពុជា។

បើតាមរបាយការណ៍ខាងលើបន្តថា ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១ កម្ពុជាបាននាំចេញផ្លែចេកចំនួន ១៦,៦ ម៉ឺនតោន។ ក្នុងនោះចំនួន ១៤,៤ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន។

យោងតាមរបាយការណ៍ ក្រសួងកសិកម្ម បានឱ្យដឹងទៀតថា រយៈពេល ៥ខែដំបូងឆ្នាំ២០២១ ប្រទេសកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួន ១៥,២ម៉ឺនតោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១០,៨ម៉ឺនតោន។ ផ្លែស្វាយកម្ពុជា គឺជាផ្លែឈើស្រស់ទី២ ដែលមានគុណភាពត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីផ្លែចេក។ ក្រោយពីបានចូលទៅកាន់ទីផ្សារចិនដោយជោគជ័យមក បរិមាណនាំចេញក្នុងរយៈពេល ៥ខែដំបូងនាឆ្នាំនេះ មានកំណើនកើនដល់ ៣៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕

ដោយ៖​ Moeun Dyna