Register Already an agent ? Login

ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រចបាន ១៤១,៤៥% ទទួលបានផលជិត ៣លានតោន

ភ្នំពេញ៖ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រចបាន ១៤១,៤៥ភាគរយ នៃផែនការ ៤៥៩ ២០០ ហិតា ទទួលបានផលសរុប ២,៩៣លានតោន លើសឆ្នាំ២០២០ ចំនួនជាង ៣០០ ០០០តោន ដោយទទួលបានទិន្នផលជាមធ្យមចំនួន ៤,៥៣៥ តោនក្នុងមួយហិកតា។ បើតាមកិច្ចប្រជុំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពនៃវិស័យកសិកម្ម ក្នុងរយៈពេលជិត ៥ខែដើមឆ្នាំ២០២១ ដែលដឹកនាំ ដោយ លោក វេង សាខុន។

នៅក្នុងកិច្ចប្រជុំខាងលើ បានបន្តឱ្យដឹងថា ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១ សម្រេចបាន ២៧,១៣ភាគរយ នៃផែនការ ២,៦០៩លានហិកតា លឿនជាងឆ្នាំ២០២០ ចំនួន ២០៥ ៣៨២ហិកតា។ និងការនាំចេញផលិតផលកសិកម្ម សម្រេចបាន ៤,១៣៦លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១,១១៧លានតោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួន រួមមានដូចខាក្រោម៖

ការនាំស្រូវចេញបានចំនួន ១,៦០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧៥១ ៤៩៦តោន, ចំណិតដំឡូងមី ១,២០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២២៣ ៨១៣តោន, គ្រប់ស្វាយចន្ទី ០,៨០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៦១០ ៥៥៩តោន, គ្រប់ពោត ១៣៤ ០៧៩ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៩៨ ៤៤២តោន។

សណ្តែកបាយ ១១ ១០០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨ ៣៩០តោន, ចេកស្រស់ ១៩៧ ៥៨៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨១ ០៧៣តោន, ផ្លែក្រូចថ្លុង ២១ ១១៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១១ ២១៨តោន, ផ្លែស្វាយស្រស់ ១៥២ ០៩០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១០៨ ០៤០តោន។

ដំណាប់ស្វាយ ១០ ៥៥៣ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧ ០០១តោន, ដូងប្រេង ១៩ ៩១៦ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៥ ២៤៦តោន, ម្រេច ៦ ៧៩៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៤ ២៧៤តោន, ម្ទេសស្រស់ ៥៦ ៥០៧ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២៧ ៥០៨តោន។

រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង​សាខុន ចូលរួមអបអរសាទរ ចំពោះវឌ្ឍនភាពល្អប្រសើរ ក្នុងវិស័យកសិកម្ម ដែលទទួលបានក្នុងរយៈពេលជិត ៥ខែ ដើមឆ្នាំ២០២១ និងបានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំក្រោមឱវាតក្រសួងទាំងអស់បន្តខិតខំយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតទៅតាមមុខព្រួញទទួលខុសត្រូវ៕

ដោយ៖ Moeun Dyna