Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជា សម្រេច បានជិត ១០០ភាគរយ

ភ្នំពេញ៖ វឌ្ឍនភាព គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជា សម្រេចបានប្រមាណ ៩៥ភាគរយ នឹងបញ្ចប់ទាំងស្រុងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ។ បើតាមថ្លែងឱ្យដឹងពី អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លោក វ៉ាត់ ចំរើន បានបន្តថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្រៅអំពីកីឡដ្ឋានធំ ដែលស្ថិតនៅក្នុងបរិវេណពហុកីឡ​ដ្ឋានជាតិមរតកតេជោ ក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទីលានប្រកួតមួយចំនួន ដើម្បីបំពេញបន្ថែមផងដែរ។

លោក វ៉ាត់ ចំរើន បានថ្លែងបន្តទៀតថា ផ្នែកខាងក្រៅកីឡដ្ឋានធំ ក៏មានការសាងសង់ទីលានកីឡាមួយចំនួនទៀតសម្រាប់បម្រើដល់ប្រភេទកីឡាក្នុងសាល ដូចជាកីឡាវាយកូនឃ្លីលើតុ វាយសី ហុកគី រួមទាំងទីលានមួយចំនួនទៀត កំពុងត្រូវបានសាងសង់បំពេញបន្ថែម ដើម្បីត្រៀមហេដ្ឋារច​នាសម្ព័ន្ធមួយភាគធំឱ្យបានរួចរាល់ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ក្រោយពីធូរស្រាលពីវិបត្តិជំងឺកូវីដ-១៩ កម្ពុជាយើង នឹងបណ្តុះបណ្តាលផ្នែកជំនាញ ដោយការបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ/ការិនី គឺត្រូវការការប្រកួតឱ្យបានច្រើន។ នេះបើតាមបញ្ជក់របស់ លោក វ៉ាត់ ចំរើន ថា យើងបានត្រៀមរួចហើយ សហការជាមួយក្រសួងអប់រំ ដើម្បីរៀបចំការប្រកួតជើងឯកអន្តរជាតិលើប្រភេទកីឡាមួយចំនួន ជាពិសេស ប្រភេទកីឡាប្រពៃណី និងប្រភេទកីឡាសក្តានុពលនានា សម្រាប់ឆ្នាំ២០២១ ហើយដល់ឆ្នាំ២០២២ ចាប់ផ្តើមសម្រុករៀបចំការប្រកួតកាន់តែច្រើន។

ប្រសិនបើស្ថានភាពវិបត្តិជំងឺកូវីដ-១៩ អំណាយផលល្អ ដោយត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោផង និងនៅពហុកីឡដ្ឋានជាតិអូឡាំពិកផង ជាពិសេសនៅដើមឆ្នាំ២០២៣ ដែលជាឆ្នាំស៊ីហ្គេមលើកទី៣២ នៅកម្ពុជានោះគឺត្រូវការចាំបាច់នូវការប្រកួតកាន់តែច្រើនបន្ថែមទៀត។ បើតាមការថ្លែងបន្ថែមរបស់ លោក វ៉ាត់ ចំរើន បានបញ្ជកា់ទៀតថា ការប្រកួតនេះហើយ គឺជាការកំណត់នៃការវាស់ស្ទង់កម្រិតគុណភាព សមត្ថភាពរបស់កីឡាករ កីឡាការិនីពិតប្រាកដថាមានកម្រិតណា ក្នុងការប្រកួតប្រជែងមេដាយជូនជាតិ ក្នុងគោលដៅស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា។

គួរបញ្ជាក់ដែរថា គម្រោងពហុកីឡាដ្ឋានជាតិមរតកតេជោ​ ស្ថិតនៅសង្កាត់ព្រែកតាសេ​ក ​ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលកំពុងសាងសង់នៅលើផ្ទៃដីជាង ៨៥ហិកតា គឺ​ដើ​ម្បីត្រៀមសម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅ​ឆ្នាំ​២​០​​២៣ខាងមុខនេះ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយពហុកីឡដ្ឋានជាតិមរតកតេជោនេះ ក៏អាច​ផ្ទុ​ក​​អ្នកទស្សនាបានរហូតដល់ជាង ម៉ឺននាក់៕

ដោយ៖ Moeun Dyna