Register Already an agent ? Login

រដ្ឋាភិបាល សម្រេចកាត់ឃុំចំនួន ៣ ពីស្រុកទឹកឈូ ខេត្តកំពត ដើម្បីបង្កើតក្រុងបូកគោថ្មី

កំពត៖ រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យលេខ៣៨.អនក្រ.បក ចុះ​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សម្រេចបង្កើត ក្រុង​បូកគោ នៃខេត្តកំពត ដោយ​កាត់​យក​ឃុំ​ចំនួន៣ ពី​ស្រុក​ទឹកឈូ គឺ​ឃុំ​បឹង​ទូក ឃុំ​កោះ​តូច និង​ឃុំ​ព្រែក​ត្នោត។

សម្រាប់ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ នឹងត្រូវតែអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ។ បើតាមការបញ្ជាក់នៅក្នុងអនុក្រឹត្យ បានបន្តថា ទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹកទូក។

សូមរម្លឹកថា យោងតាមអនុក្រឹត្យចុះហត្ថលេខាដោយ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃ២៨ខែ មិថុនា ឆ្នាំ២០១៩ សម្រេចបង្កើតក្រុងបូកគោ ស្ថិតនៅចន្លោះ តំបន់ឧទ្យានជាតិព្រះមុនីវង្ស បូកគោ និងដាក់គោលដៅអភិវឌ្ឍក្រុងថ្មីនេះ ទៅជាទីក្រុងទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្ត ដ៏ទាក់ទាញនៅក្នុងប្រទេស។

ក្រុងបូកគោនេះ ភ្ជាប់ជាមួយតំបន់ឆ្នេរ ដែលស្ថិតនៅក្នុងច្រករបៀងទេសចរណ៍ភាគខាងត្បូង ជាតារារះនាទិសនិរតីនៃប្រទេសកម្ពុជា រួមមាន ខេត្តកំពត កែប ព្រះសីហនុ និងកោះកុង ដែលជាប៉ូលទេសចរណ៍ដ៏មានសារៈសំខាន់។

នៅក្នុងប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោចក្ខុវិស័យឆ្នាំ២០៣៥ ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ គឺសំដៅរៀបចំនិងអភិវឌ្ឍន៍ភ្នំបូកគោ ជាក្រុងវៃឆ្លាត ទេសចរណ៍ប្រវត្តិសាស្រ្ត បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ-សមុទ្រដ៏ពិសិដ្ឋគ្មានពីរនៃកម្ពុជា។

ផ្អែកលើផែនទីប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ប្រភេទដីអាចសាងសង់បានត្រូវបានកំណត់ជា តំបន់សំខាន់ៗ រួមមាន តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់ចម្រុះ តំបន់ដឹកជញ្ជូន តំបន់ទេសចរណ៍ តំបន់រដ្ឋបាល និងសេវាកម្មសាធារណៈ តំបន់លំហរសាធារណៈ និងបៃតង តំបន់វប្បធម៍ និងសាសនា និងតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស។

លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ធ្លាប់បានមានប្រសាសន៍កាលពីឆ្នាំ២០១៩ កន្លងទៅថា ការប្រកាសជាសាធារណនៃគម្រោងទីក្រុងបូកគោ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ ចូលរួមអភិវឌ្ឍទីក្រុងបូកគោ ដែលនឹងក្លាយជាទិសដៅទេសចរណដ៏ទាក់ទាញមួយនាពេលខាងមុខ។ លោក បញ្ជាក់ គម្រោងអភិវឌ្ឍន៍ក្រុងបូកគោ បានកំណត់ចក្ខុវិស័យដល់ឆ្នាំ២០៣៥ គឺសំដៅរៀបចំ និងអភិវឌ្ឍ ភ្នំបូកគោ ជាក្រុងឆ្លាតវៃ ទេសចរណ៍ប្រវត្តិសាស្រ្ត បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ-សមុទ្រដ៏ពិសិដ្ឋគ្មានពីរនៃប្រទេសកម្ពុជា។

លោក រដ្ឋមន្រ្តីបាន បានអំពាវនាវ និងលើកទឹកចិត្តដល់អ្នកវិនិយោគ និងធុរជនជាតិ និងអន្តរជាតិទាំងអស់ពិនិត្យលទ្ធភាពចូលរួម វិនិយោគគម្រោងអភិវឌ្ឍក្រុងបូកគោ។

​ការបង្កើត​ប្រព័ន្ធ​គ្រប់​គ្រង់​រដ្ឋបាល​ថ្មី នៅក្នុង​ទីក្រុង​ថ្មី​នេះ វា​នឹង​ជួយ​ជំ​រុ​ឱ្យមាន​ការអភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​វា​ក៏​នឹង​ធ្វើឱ្យ​វិស័យ​អ​ល​ចនទ្រ​ព្យ​រីកចំរើន​ផងដែរ។ បើតាមការលើកឡើងរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានបន្តថា នៅក្នុង​ទីក្រុង​បូកគោ​ថ្មី​នេះ ក៏​ជា​កន្លែង​ទេសចរណ៍​ដ៏​ទាក់ទាញ ហើយ​ជា​ស្វ័យប្រវត្តិ​វិស័យ​អចលនទ្រព្យ នឹងមាន​សម្ទុះ​រីកច្រើន និង​មានការ​ចាប់អារម្មណ៍​ជាង​មុន​ពេលដែល​មិនទាន់​បង្កើត។

រដ្ឋបាលខេត្ត និង​រាជរដ្ឋាភិបាល បាន​ត្រៀម​បំ​រ៉ុង​រួចហើយ​នូវ​កញ្ចប់​ថវិកា សម្រាប់​យកទៅ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ក្រុង និង​សាលាក្រុង នៅក្នុង​ក្រុង​ថ្មី​មួយ​នេះ។ បើតាមការថ្លែងរបស់អ្នកនាំពាក្យរដ្ឋបាខេត្តកំពត លោកវិត វ​ឌ្ឍ​នា មិនបាន​បញ្ជាក់​ពី​ទំហំ​កញ្ចប់​ថវិកា​ប៉ុ​ន្មា​សម្រាប់​អភិវឌ្ឍន៍​នោះទេ

សូមបញ្ជាក់ ទីក្រុងបូកគោ មានផ្ទៃក្រឡាប្រមាណ ២៧ ៩៤៣ហិកតា ស្មើនឹង ១៨ភាគរយ នៃផ្ទៃឧទ្យានជាតិព្រះមុនីវង្ស បូកគោ ទំហំ ១៥៤ ៥៤២ហិកតា៕

ដោយ៖  Moeun  Dyna