Register Already an agent ? Login

គម្រោងស្ដារព្រលានយន្តហោះខ្នាតតំបន់ នៅខេត្តបាត់ដំបង ត្រូវបានផ្អាកបណ្ដោះអាសន្ន រងចាំស្ងាត់កូវីដ-១៩

បាត់ដំបង៖ ការសិក្សាលើផលប៉ះពាល់​ គម្រោងស្តារព្រលានយន្តហោះខ្នាតតំបន់ នៅខេត្តបាត់ដំបង បានផ្អាកមួយរយៈពេលសិន ដោយសារតែស្ថានភាពនៃការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ ត្រូវរង់ចាំងស្ថានភាពស្ងប់ស្ងាត់បន្តិច ទើបចាប់អនុវត្តបន្ត។ បើតាមការថ្លែងឱ្យដឹងពី លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង។

នេះមិនមែនជាការពន្យា លើគម្រោងស្តារព្រលានយន្តហោះនេះទេ គម្រោងនៅតែដំណើរការដដែលទេ ប៉ុន្តែសម័យកាលនៃការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍នេះ យើងមិនអាចជួបប្រជុំគ្នាបាន។ បើតាមការថ្លែងបន្តរបស់ សឿម ប៊ុនរិទ្ធិ បានបន្ថែមថា ដែលជាហេតុធ្វើឱ្យក្រុមមន្ត្រីជំនាញសម្រេចផ្អាកការជួបជុំពិភាក្សាមួយរយៈពេល។

បច្ចុប្បន្ន អាកាសយានដ្ឋានខេត្តបាត់ដំបង ជាប្រភេទអាកាសយានដ្ឋានក្នុងស្រុក មានលក្ខណៈតូចចង្អៀត និងទ្រុឌទ្រោម ដែលត្រូវតែពិនិត្យដើម្បីស្ដារ និងកែលម្អរឡើងវិញ ដោយបានប្រគល់ការងារឱ្យក្រុមមន្ត្រីជំនាញ សិក្សាលម្អិត ថាតើត្រូវកែលម្អរ និងអភិវឌ្ឍន៍អាកាសយានដ្ឋានមួយនេះរបៀបណា។ បើតាម អភិបាលរងខេត្តដដែល លោក បន្ថែមទៀតថា ជាជំហានដំបូងយើងគិតថា ត្រូវស្ដារឡើងវិញដើម្បីឱ្យបានគ្រប់ស្ដង់ដារសុវត្ថិភាពត្រឹមកម្រិត4C ដែលយើងអាចទទួលចុះចតយន្តហោះក្នុងស្រុកប្រកបដោយសុវត្ថិភាព។

លោក អភិបាលរងខេត្តរូបនេះ បានថ្លែងទៀតថា យើងបានពិនិត្យមើលផែនការអភិវឌ្ឍន៍របស់នគរូបនីយកម្មនៅខេត្តបាត់ដំបង ដែលបានបង្ហាញពីភាពសមស្របទៅនឹងផែនការនៃការអភិវឌ្ឍ និងយល់ស្របក្នុងការកែសម្រួល និងស្តារអាកាសយានដ្ឋានមួយនេះឡើងវិញសម្រាប់ប្រើប្រាស់ក្នុងរយៈពេលខ្លី និងមធ្យម ប៉ុន្តែសម្រាប់រយៈពេលវែង គឺចាំបាច់ត្រូវតែមានការផ្លាស់ប្ដូរទីតាំងថ្មី៕

ដោយ៖ Moeun Dyna