Register Already an agent ? Login

កម្ពុជា-សិង្ហបុរី យល់ស្របគ្នានៅមានសក្ដានុពលជាច្រើន ដោយជំរុញវិនិយោគទ្វេភាគីឱ្យមានទំហំកើនឡើងខ្ពស់ថែមទៀត

ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី យល់ស្របគ្នានៅមានសក្ដានុពលសំខាន់ៗជាច្រើនទៀត ដើម្បីជំរុញ​និងលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វាភាគីឱ្យមានទំហំកើនឡើងខ្ពស់ថែមទៀត។ បើតាមការ​យល់ស្របគ្នា រវាង លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងជំនួបជាមួយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសិង្ហបុរីប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

ភាគីទាំងពីរបានកត់សម្គាល់ដោយពេញថា បើទោះបីនៅក្នុងបរិការណ៍នៃជំងឺរាតត្បាតសកលក្ដី តំហំពាណិជ្ជកម្មទ្វេភាគី និងទំហំវិនិយោគសិង្ហបុរី នៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្ដែង ទំហំពាណិជ្ជកម្មទ្វេភាគីបានកើន​ឡើងរហូតដល់ប្រមាណ ៤ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២០។  ចំណែកឯទំហំនៃការវិនិយោគការបានកើនឡើងដល់ ៤៨លានដុល្លារ នៅក្នុង៩ខែដើមឆ្នាំ២០២០ផងដែរ។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសដែលបានបង្ហាញពីលទ្ធផលនៃជំនួបរដ្ឋមន្រ្តីប្រទេសទាំងពីរកាលពីថ្ងៃទី២៥ កន្លងទៅនេះ។

នៅក្នុងជំនួបនោះ លោក ប្រាក់ សុខុន បានថ្លែងថា ដោយរំពឹងថា ទំនាក់ទំនងដ៏ល្អដែលមានស្រាប់រវាងកម្ពុជា និងសិង្ហបុរី រួមទាំងកិច្ចសហប្រតិបត្តិការនៅលើគ្រប់វិស័យ នឹងត្រូវបានពង្រឹងនិងធ្វើឱ្យកាន់តែរឹងស៊ីចម្រៅបន្ថែមទៀត នៅក្នុងអាណត្តរបស់ លោកស្រីទូតថ្មី។

លោក រដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ តាមរយៈទំនាក់ទំនងដ៏លអរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើកគ្រប់វិស័យរួមមាន៖ អប់រំ ពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន បានជួយពួនច្រុំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អ្រសើរឡើងជាដរាប។

ជាការឆ្លើយតប លោកស្រីទូតថ្មី បានមានប្រសាសន៍ថា លោកស្រីមានកិត្តិយស និងមានសោមនស្សរីរាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ហើយលោកស្រី នឹងខិតខំបន្តលើកកម្ពស់ និងពង្រីកន្ថេមនូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបានប្រកបដោយផ្លែផ្កា។ លោក ស្រី បញ្ជាក់ ជាពិសេស វិស័យអប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ភាគីទាំងពីរបានឯកភាពគ្នាបន្តកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

សិង្ហបុរីបានគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (The ASEM13) ក្នុងឆ្នាំ២០២១នេះ ហើយកម្ពុជាសង្ឍឹមថាសិង្ហបុរីនឹងបន្តគាំទ្រយ៉ាងពេញលេញនៅពេលកម្ពុជា ទទួលវេនធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ខាងមុខនេះ៕

ដោយ៖ Moeun  Dyna