Register Already an agent ? Login

វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបាន ១៨ភាគរយ

សៀមរាបវឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប បច្ចុប្បន្នសម្រេចបាន ១៨ភាគរយ ផ្តោតសំខាន់ពិនិត្យលើ លូបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ និងសុវត្ថិភាពចរាចរណ៍ ព្រមទាំងសណ្តាប់ធ្នាប់ការដ្ឋាន។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងសៀមរាប ចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ និងថវិកា ប្រមាណ ៩លានដុល្លារ សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹក ភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ខ្សែនេះ ដោយចំណាយពេល សាងសង់ចំនួន ១៣ខែ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១នេះ។

នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងជួបពិភាក្សាការងារបច្ចេកទេសសាងសង់ជាមួយអង្គភាពសាងសង់ ដោយមានការចូលរួមពីមន្រ្តីក្រិមឱវាទក្រសួងដឹកជញ្ជូន មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធ អាជ្ញាធរដែនដីផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីក្រើនរម្លឹកឱ្យអង្គភាពសាងសង់ទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ ក៏ដូចជាដើម្បីពិនិត្យគុណភាពនៃការសាងសង់ប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ ដែលអាចធានាបានគុណភាពល្អ អាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ និងខាតបង់ពេលវេលាផងដែរ។

សូមរម្លឹកថា ផ្លូវចំនួន ៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។ គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន ៨៕

ដោយ៖ Moeun Dyna