Register Already an agent ? Login

ឆ្នាំ២០១៩ ប្រជាជនកម្ពុជា កើនឡើងដល់ ១៥,៦លាននាក់ កាលពីឆ្នាំ២០០៨ មានត្រឹមតែ ១៣,៤លាននាក់

ភ្នំពេញ៖  តាមលទ្ធផលចុងក្រោយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនកម្ពុជាមានការកើនឡើងដល់ ១៥,៦លាននាក់ ខណៈដែលកាលពីឆ្នាំ២០០៨ មានប្រជាជនត្រឹមតែ ១៣,៤លាននាក់។ បើតាមការថ្លែងឱ្យដឹង ពីសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តថា ដោយឡែកអត្រាកំណើនប្រចាំឆ្នាំមានការធ្លាក់ចុះដែលក្នុងឆ្នាំ២០១៩នោះ ១,៤ភាគរយ ខណៈអត្រាឆ្នាំ២០០៨ មានរហូតដល់១,៥ភាគរយ។

ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយ ជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ នាថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា សម្ដេច ស ខេង បានថ្លែងបញ្ជាក់ ការធ្លាក់ចុះនេះ គឺដោយសារការអនុវត្តដោយជោគជ័យនូវគោលនយោបាយជាតិប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិ ការជាសាធារណៈដើម្បីកាត់បន្ថយលទ្ធភាពបង្កកំណើត និងមរណភាព។

សម្ដេច ថា អត្រាកំណើនប្រជាជននៅខ្ពស់ជាងអត្រាមធ្យម នៃប្រជាជាតិអាស៊ីអាគ្នេយ៍។ នៅមានកិច្ចការជាច្រើន ដើម្បីធ្វើក្នុងការបង្កើននូវលក្ខខ័ណ្ឌសុខភាព ប្រជាជនឱ្យប្រសើរឡើង នូវសេវាសុខភាពបន្តពូជរបស់ស្ត្រី និងការកាត់បន្ថយនូវមរណភាពកុមារ ទារក និងមរណភាពមាតា។

ដង់ស៊ីតេប្រជាជនក្នុង ១គីឡូម៉ែត្រក្រឡាបានកើនឡើងពី ៧៥នាក់ នៅឆ្នាំ២០០៨ ទៅ៨៧នាក់ នៅឆ្នាំ២០១៩។ ដង់ស៊ីតេនេះប្រជាជនកម្ពុជានៅទាបជាងច្រើន បើធៀបនឹងដង់ស៊ីតេប្រជាជននៃបណ្តា ប្រទេសនៅអាស៊ីអាគ្នេយ៍។ បើការថ្លែងបន្តទៀត របស់ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅ។

ជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងឆ្នាំកន្លងមកនេះ។ លទ្ធផលចុងក្រោយ ជាលទ្ធផលនៃការខិតខំរបស់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ចំនួនជាង ៥ម៉ឺននាក់ ដែលបានសម្ភាសន៍ប្រមាណ ៣,៥ លានគ្រួសារនៅទូទាំងប្រទេស ដើម្បីប្រមូលព័ត៌មាន។ បើតាមការថ្លែងបន្ថែម របស់ សម្ដេច ស ខេង មានប្រសាសន៍ឱ្យដឹងថា មន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានកែច្នៃ និងវិភាគទិន្នន័យ ដោយសហការជាមួយមន្ត្រីបច្ចេកទេស និងអ្នកជំនាញការអន្តរជាតិ បានបញ្ចប់ទាន់ពេលវេលា ទោះជាយើងស្ថិតក្នុងបរិការនៃជំងឺកូវីដ-១៩ ជាសកលក៏ដោយ។

ប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅ សម្ដេច ស ខេង ថ្លែងបន្ថែមទៀតថា យើងទាំងអស់គ្នាបានដឹងហើយថា ជំរឿនប្រជាជន និងលំនៅដ្ឋាន ជាប្រភពតែមួយគត់ នៃទិន្នន័យប្រជាសាស្រ្ត សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រហូតដល់កំរិតភូមិ។ របាយការណ៍ជំរឿនផ្តល់លទ្ធផលចុងក្រោយកំរិតជាតិ ដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃនេះ មានសារៈប្រយោជន៍ចំពោះរាជរដ្ឋាភិបាល ស្របទៅតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញ។ អ្វីដែលមាននៅពេលនេះ គឺជាជំហានមួយនៃការវិភាគ ទិន្នន័យជំរឿន៕

ដោយ៖ Moeun Dyna