Register Already an agent ? Login

រដ្ឋបាលខេត្តកោះកុង សាកល្បងជួលដី ១០០ហិកតា ក្នុងចំណោម ៣៦៩ហិកតា ឱ្យក្រុមហ៊ុមក្នុងស្រុក វិនិយោគវារីវប្បកម្ម

កោះកុង៖ ក្រុមហ៊ុន កោះ មង្គល រតនៈ សម្បត្តិ ឯ.ក បានស្នើសុំជួលដីរដ្ឋទំហំ ៣៦៩ហិកតា នៅស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីវិនិយោគលើគម្រោងវារីវប្បកម្ម។ បើតាមកិច្ចប្រជុំរវាងក្រុមហ៊ុន និងរដ្ឋបាលខេត្តកោះកុង ដឹកនាំដោយ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១

កិច្ចប្រជុំពិភាក្សានេះ បានរៀបចំជាលើកទី២ហើយ ដើម្បីសិក្សាលម្អិតលើផែនការវារីវប្បកម្ម។ បើតាមរដ្ឋបាលខេត្តកោះកុង ថា ក្នុងចំណោមទំហំដីចំនួន ៣៦៩ហិកតា នឹងគ្រោងអនុវត្តជា ៣ដំណាក់កាល ក្នុងដំណាក់កាលទី១ អាចនឹងអនុញ្ញាតជូនសាកល្បង ១០០ហិកតា សិន។

បើតាមរដ្ឋបាលខេត្តបន្តថា កិច្ចប្រជុំនេះពិនិត្យលើការកែសម្រួលនូវផែនការអាជីវកម្មរបស់ក្រុមហ៊ុនឯកជន លើសំណើសុំជួលដីរដ្ឋទំហំ ៣៦៩ហិកតា សម្រាប់វិនិយោគវារីវប្បកម្ម។

គម្រោងវារីវប្បកម្ម ជាសកម្មភាពអាជីវកម្មដាំរុក្ខជាតិ និង ចិញ្ចឹមសត្វនៅតាមសមុទ្រ ដែលមិនត្រឹមតែធ្វើអាជីវកម្មនោះទេ គម្រោងនេះក៏នឹងជួយការពារព្រៃកោងកាង រក្សាលំនឹងស្ថានប្រព័ន្ធ និងជីវចម្រុះនៅក្នុងតំបន់ផងដែរ។ បើតាមរដ្ឋបាលដដែល។

សូមបញ្ជាក់ថា​ រដ្ឋាភិបាលមិនទាន់ចេញសម្រេចអ្វីនៅឡើយទេ ព្រោះត្រូវសិក្សាបន្ថែមទៀត។ ដោយឡែក ក្រុមហ៊ុនក៏មិនទាន់បញ្ជាក់ពីទំហំទឹកប្រាក់វិនិយោគ និងព័ត៌មានលម្អិតនៃគម្រោងនៅឡើយទេ៕

ដោយ៖ Moeun Dynaa