Register Already an agent ? Login

គម្រោងសាងសង់ប្រឡាយមេ១ខ្សែ នៅពោធិ៍សាត់ប្រវែងជាង ១៦គ.ម មានតម្លៃជាង ១១លានដុល្លារ បានបញ្ចប់

ពោធិ៍សាត់៖ គម្រោងសាងសង់ប្រឡាយមេ ១ខ្សែ នៅខេត្តពោធិ៍សាត់ដែលមានប្រវែង ១៦,៥គីឡីម៉ែត្រ នៅក្នុងកិច្ចសន្យាចាប់ផ្តើមសាងសង់ពីខែមិថុនា ឆ្នាំ២០១៧ និងបានបញ្ចប់នៅខែមករា ឆ្នាំ២០២១ ដោយប្រើថវិកាសាងសង់សរុបចំនួនជាង ១១.១៤៩.០០០,០០ដុល្លារ។ បើយោងតាមក្រសួងធនធានទឹក។

ក្រសួងបានបញ្ជាក់ថា គម្រោងនេះសាងសង់មានរយៈពេលវែង ដែលបណ្តាលមកពីការដោះស្រាយផលប៉ះពាល់មានការអូសបន្លាយ របស់គម្រោងប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំនៃគម្រោង GMS-Flood and Drought Risk Management and Mitigation។

គម្រោងប្រព័ន្ធធារាសាស្រ្តនេះ មានសក្តានុពលស្រោចស្រពលើផ្ទៃដីស្រែវស្សា ១៦.១០០ហិកតា និងស្រែប្រាំង៤.៥០០ហិកតា ដែលអ្នកទទួលផលរួមមាន ៥១ភូមិ ៥ឃុំ និងស្រុកចំនួន២ គឺស្រុកក្រវាញ និងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ បើតាមការបន្តរបស់ក្រសួងធនធានទឹក។

បើតាមក្រសួងបានបន្តឱ្យដឹងថា ប្រព័ន្ធធារាសាស្រ្តដែលមានប្រវែជាង ១៦គីឡូម៉ែត្រ ក្នុងនោះមានប្រឡាយបេតុងប្រវែង ២គីឡូម៉ែត្រ បាតក្រោមប្រវែង ១៩ ទៅ៩ម៉ែត្រ ខ្នងលើសងខាងប្រវែង៧ ទៅ៥ម៉ែត្រ មានក្រាលគ្រួសក្រហមខ្នងលើ ដាំស្មៅជើងទេរសងខាង និងសាងសង់សំណង់សិល្បការចំនួន ៥១កន្លែង លើប្រឡាយនេះ។

ក្រសួងបានបន្ថែមថា ក្រុមការងារមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ និងលោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា មន្រ្តីក្រោមឱវាទក្រសួងពាក់ព័ន្ធនឹងគម្រោង សហគមន៍កសិករប្រើប្រាស់ទឹក និងទីប្រឹក្សាជាតិ និងអន្តរជាតិ បានចុះពិនិត្យ និងវាយតម្លៃបញ្ចប់កិច្ចសន្យាជាលក្ខណៈអន្តរជាតិ (ICB-CAM-W02) កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១៕

ដោយ៖ Moeun Dyna