Register Already an agent ? Login

ផ្លូវពាណិជ្ជកម្មតភ្ជាប់រវាង ខេត្តពោធិ៍សាត់កម្ពុជា និងខេត្តត្រាតថៃ បានស្ថាបនារួមរាល់ហើយ នាដើមឆ្នាំ២០២១នេះ

ពោធិ៍សាត់៖ គម្រោងសាងសង់កំណាត់ផ្លូវមួយខ្សែតភ្ជាប់ពី ភូមិថាសេន ឃុំឡែមកាត់ ស្រុមមឿង ខេត្តត្រាត មកកាន់ច្រកព្រំដែនថ្មដា (ផ្លូវជាតិលេខ៥៥) ស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់កម្ពុជា បានស្ថាបនារួចរាល់ហើយ នៅដើមឆ្នាំ២០២១នេះ ដែលជាការចំណាយរបស់ថៃក្នុងទឹកប្រាក់ ២លានដុល្លារ។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់។

កំណាត់ផ្លូវនេះ ត្រូវបានសាងសង់ឡើងដោយក្រាលកៅស៊ូប្រភេទ AC មានទឹង ១៤ម៉ែត្រ ប្រវែង ១.៩គីឡូម៉ែត្រ ចែកចេញជា ៤គន្លង។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ ថា ការសម្រេចសាងសង់កំណាត់ផ្លូវនេះ បន្ទាប់ពីសភាថៃបានអនុម័ត និងបន្ទាប់ពី រដ្ឋលេខាធិការក្រសួងមហាផ្ទៃថៃ បានចារឯកភាពតាមសំណើរបស់អភិបាលខេត្តត្រាត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ពាក់ព័ន្ធការពន្លឿនបើកច្រកព្រំដែនអន្តរជាតិនេះ។

ការតភ្ជាប់កំណាត់ផ្លូវមួយខ្សែនេះ គឺជាការចង់ឃើញរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តពោធិ៍សាត់ផ្ទាល់តែម្តង ដើម្បីបង្កើតនូវចរន្តសេដ្ឋកិច្ចថ្មីមួយទៀតរវាងថៃ-កម្ពុជា។ បើតាមរដ្ឋបាលខេត្តដដែល បន្តថា លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានជួបពិភាក្សាជាញឹកញាប់ជាមួយភាគីថៃ ដើម្បីជជែកពីការតភ្ជាប់សេដ្ឋកិច្ចរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត តាមរយៈច្រកព្រំដែនថ្មដានេះ។

ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាតំបន់ដាច់ស្រយាលមួយពីអតីតកាលនោះ បាននឹងកំពុងក្លាយទៅជាតំបន់មានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ និងកសិកម្ម បន្ទាប់ពីផ្លូវមួយខ្សែនេះ គឺផ្លូវជាតិលេខ៥៥ ត្រូវបានសាងសង់រួចរាល់ និងដាក់សម្ពោធឱ្យប្រើប្រាស់កាលពីឆ្នាំ២០២០ កន្លងទៅ។

ស្រុកនេះ ជាកន្លែងទេសចរណ៍ដែលមានទឹកជ្រោះ និងជួរភ្នំ ខណៈស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ជាតំបន់ទេសចរណ៍ជាប់មាត់សមុទ្រ។ ការតភ្ជាប់ផ្លូវធ្វើដំណើរកាន់តែងាយស្រួលរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត តាមច្រកថ្មដា នឹងទាក់ទាញកាន់តែខ្លាំងលើវិស័យទេសចរណ៍រវាងខេត្តទាំងពីរ។

បច្ចុប្បន្ន ច្រកថ្មដានេះ នៅខាងទឹកដីកម្ពុជា មានការវិនិយោគអភិវឌ្ឍលំនៅឋាន សណ្ឋាគារ និងកន្លែងលំហែកាយជាច្រើន។ ក្រៅតែពីវិស័យទេសចរណ៍ ការតភ្ជាប់ខេត្តទាំងពីរតាមរយៈច្រកថ្មដា នឹងបង្កភាពងាយស្រួលក្នុងការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរផងដែរ៕

ដោយ៖ Moeun Dyna