Register Already an agent ? Login

អភិបាលខេត្តព្រះសីហនុ ប្រើធម៌ត្រជាក់ ស្នើសុំប្រជាពលលរដ្ឋរុះរើសំណង់មិនរៀបរយ តាមបណ្ដាយវិថី៧មករា ឬផ្លូវលេខ២០០

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រើធម៌ត្រជាក់ ដោយបានស្នើសុំកិច្ចសហការពីប្រជាពលរដ្ឋដែលបានកំពុងសាងសង់សំណង់មិនរៀបរយ តាមបណ្ដាយវិថី ៧មករា ឬផ្លូវលេខ២០០ រុះរើសំណង់របស់ខ្លួន និងប្រគល់ទីតាំងដីផ្លូវលេខ២០០នេះ មកឱ្យរដ្ឋបាលខេត្តស្ថាបនាផ្លូវ ទៅតាមផែនការអភិវឌ្ឍន៍។ បើតាមរដ្ឋបាលខេត្តព្រះសីហនុថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋបាលខេត្តបានរៀបរាប់ឱ្យដឹងថា គម្រោងស្ថាបនាវិថី៧មករា (ផ្លូវលេខ២០០) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទទឹង ៤០ម៉ែត្រ ស្របតាមប្លង់ប្រព័ន្ធសុរិយោដី។

ផែនការស្ថាបនា ផ្លូវលេខ២០០ ដែលស្ថិតនៅជុំវិញ មន្ទីរពេទ្យបង្អែកខេត្ត ក្នុងគោលបំណងធំៗ ចំនួន៤៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីផលប្រយោជន៍សាធារណៈ, លើកកម្ពស់ការផ្តល់សេវាសុខាភិបាល និងសុខមាលភាពសាធារណៈ, លុបបំបាត់ការយកទីតាំងសាធារណៈមកធ្វើអាជីវកម្ម និងជាសម្បត្តិឯកជន, លើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងសុវត្ថិភាពសាធារណៈ។ល។ បើតាមការបញ្ជាក់រដ្ឋបាលខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តបាន សួរយោបល់សាធារណជនទូរទៅដូច្នេះថា «តើបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គាំទ្ររដ្ឋបាលខេត្តក្នុងការស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០)ដែល ស្ថិតនៅជុំវិញមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីផលប្រយោជន៍សាធារណៈដែរឬទេ? ការគាំទ្រ និងការលើកទឹកចិត្តពី បងប្អូន នឹងធ្វើឱ្យគម្រោងនេះដំណើរការបានជោគជ័យ»។

នៅក្នុងកិច្ចប្រជុំដោះស្រាយរៀបចំផ្លូវលេខ២០០ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឱ្យដឹងថា ផ្លូវលេខ២០០ មានទីតាំងស្ថិនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋ សាងសាង់សំណង់រំលោភលើដីចំណីផ្លូវមានចំនួន ១២៨ខ្នងផ្ទះ ស្នើនឹង ១៥៣គ្រួសារ  ក្នុងនោះប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន ២៥គ្រួសារ ផ្ទះជួល ៣៥គ្រួសារ ផ្ទះបិទទ្វារចោល ៥៩ខ្នងផ្ទះ ផ្ទះលក់ឱ្យជនបរទេសចំនួន ៣ខ្នង ដីទំនេរចំនួន ២ឡូតិ៍ សំណង់គ្រោងដែក២ និងសំណង់បេតុង ២។

លោក គួច ចំរើន ដែលបានដឹកនាំកិច្ចប្រជុំខាងលើ មានប្រសាសន៍ថា តាមរបាយការណ៍របស់អាជ្ញាធរក្រុង គឺប្រជាពលរដ្ឋចំនួន ១៥៣គ្រួសារ បានសាងសង់ផ្ទះលើដីចំណីផ្លូវលេខ២០០ ដែលជាដីសាធារណ:របស់រដ្ឋ យកធ្វើជាកម្មសិទ្ធិ និងយកទៅជួលបន្តឱ្យតតីយជនក្នុងនោះមានជនបរទេសជាដើម ដោយបើកអាជីវកម្មផ្សេងៗ។

លោក អភិបាលបន្តថា ក្នុងនោះឃើញអាជីវកម្មមួយចំនួនមានដូចជាកោសជប់ ម៉ាស្សា និងការលួចបើកបម្រើសេវាកម្មផ្លូវភេទជាដើម ដែលទង្វើនេះវាផ្ទុយនឹងច្បាប់របស់រដ្ឋ និងប៉ះពាល់ផលប្រយោជន៍សាធារណ: និងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ លោក បញ្ជាក់ យោងតាមមាត្រា២៥៩ នៃច្បាប់ភូមិបាល ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០រៀល(ប្រាំលាន) ដល់៥០.០០០.០០០រៀល(ហាសិបលាន) ឬ/និងផ្ដន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ។

លោក គួច ចំរើន បានព្រមានថា «មិនអនុញ្ញាតិឱ្យជនណាយកផ្លូវនេះធ្វើជាប្រយោជន៍បុគ្គលនោះឡើយ ហើយនៅក្នុងផែនការ ផ្លូវលេខ២០០នេះ រដ្ឋបាលខេត្តនឹងរៀបចំពង្រីក និងកែលម្អសោភ័ណភាព ទុកជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ នៅក្នុងក្រុងព្រះសីហនុទាំងមូល»។

 ផ្លូវលេខ២០០នេះ ជាចំណុចកណ្តាលរបស់ក្រុងព្រះសីហនុ ដែលចេញពីរង្វង់មូលតោពីរ មានផ្លូវ ៦ខ្សែ ហើយយើង អភិវឌ្ឍបានចំនួន ៥ខ្សែហើយ។ ចំពោះមុខ រដ្ឋបាលខេត្តនឹងស្ថាបនាផ្លូវ២០០ ដោយពង្រីកទៅតាមទំហំនៅក្នុងប្លង់ជាលក្ខណៈប្រព័ន្ធ ដើម្បីកែលម្អសោភ័ណភាពផ្លូវនេះ ដោយសារវាស្ថិតនៅជាប់នឹងរបង មន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុដែលអាចសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនអ្នកជំងឺបានលឿនឆាប់រហ័ស ករណីមានការសង្រ្គោះបន្ទាន់ផងដែរ។ ជាការលើកឡើងរបស់អភិបាលខេត្តដដែល។

នៅក្នុងកិច្ចប្រជុំដដែល លោក អភិបាលខេត្ត បញ្ជាក់ ការរៀបចំពង្រីក និងកែលម្អសោភ័ណភាពផ្លូវលេខ២០០ គឺក្នុងគោលបំណងធំចំនួន៤៖ ១.លើកស្ទួយសោភ័ណភាពទីក្រុង, ២.អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រយោជន៍សាធារណៈ, ៣.លើកកម្ពស់ការផ្តល់សេវាសុខាភិបាល និង៤.លុបបំបាត់ការយកទីតាំងសាធារណៈមកប្រព្រឹត្តអំពើអនាចារ និងដើម្បីការពារកិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។ល៕

ដោយ៖ Moeun Dyna