Register Already an agent ? Login

គម្រោងសាងស់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់ចោមចៅ សម្រចបានជិត ៦០ភាគរយ មកដល់ពេលនេះ

ភ្នំពេញ៖ គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វ់ងចោមចៅ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា នេះ ការដ្ឋានសម្រេចបានប្រមាណ ៥៨ភាគរយ ដែលបានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការ កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក ក្រោមអធិបតីភាព សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក សំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ផ្អែកទៅតាមលក្ខណៈបច្ចេកទេសការដ្ឋាននេះត្រូវសាងសង់ ដោយបែងចែកជា ៣ផ្នែកគឺ៖ ស្ពានទី១ ជាស្ពានអាកាសមេ តភ្ជាប់ចរាចរណ៍ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង ១៥,៨ម៉ែត្រ ដែលមានចរាចរណ៍ ពីរគន្លងទៅ និងពីរគន្លងមក ជម្រាលស្ពាន ៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមា ដែលអាចចរាចរណ៍ក្រោមស្ពាន មាន ៥,៥ ម៉ែត្រ។

ចំណែក ស្ពានទី២ បំបែកចេញពី ស្ពានអាកាសមេ បត់ឆ្វេង តភ្ជាប់ចរាចរណ៍ ពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរណ៍មួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ មានន័យថា (ស្ពានអាកាសប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដី ប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។

និងស្ពានទី៣ ជាស្ពានកោងបត់ឆ្វេង តភ្ជាប់ចរាចរណ៍ ពីផ្លូវវេងស្រេងមកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង ៥,២៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវ និងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរណ៍ ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង ១៣ ម៉ែត្រ និងផ្លូវលើដី ប្រវែង ១១៧ ម៉ែត្រ) ទទឹង ៨,៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។ បើតាមការថ្លែងឱ្យដឹងបន្តរបស់ លោក សំា ពិសិដ្ឋ។

ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរណ៍ ពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។ បើតាមការថ្លែងបន្តរបស់ប្រធានមន្ទីរដឹកជញ្ជូនរាជធានីភ្នំ បានបន្ថែមទៀត ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរណ៍ ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។

លោក បានថ្លែងបន្ថែមទៀតថា ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុង១ម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង ៨,៥ម៉ែត្រ និងល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុង១ម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ ៥,៥ម៉ែត្រ។ លោក បញ្ជាក់ «ស្ពាន នេះក្រោយសាងសង់រួចនឹងមានអាយុកាល ១០០ឆ្នាំ ដែលមានការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញ បរិវេណស្ពានអាកាស និងអាងស្តុកទឹក ក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹក ស្វ័យប្រវត្តិជាដើម»។

គួរម្លឹងថា ផ្លូវក្រោមដី ដែលផ្លូវតភ្ជាប់ចរាចរណ៍ ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែងសរុប ៤៧០ ម៉ែត្រ និងទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ហើយត្រូវបាន សម្តេច នាយករដ្ឋមន្រ្តី ប្រកាសឱ្យប្រើប្រាស់បណ្ដោះអាសន្ន កាលពីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

សូមបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់ចោមចៅ ជាគម្រោងរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយ ក្រុមហ៊ុនវិនិយោគ OCIC ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល ៣០ខែ និងទឹកប្រាក់ប្រមាណ ២២លានដុល្លា៕

ដោយ៖ Moeun Dyna