Register Already an agent ? Login

រដ្ឋាភិបាល សម្រេចកាត់ ៤សង្កាត់នៅក្រុងតាខ្មៅ ផ្ទៃដីទំហំ ៣០២ហិកតា បញ្ជូលទៅខណ្ឌដង្កោ រាជធានីភ្នំពេញ

ភ្នំពេញ៖ រាជដ្ឋាភិបាល បានសម្រេចកាត់ សង្កាត់ចំនួន ៤ ស្មើនឹង ៥ភូមិ ដែលមានផ្ទៃដី ៣០២ហិកតា នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីដោះស្រាយ និងសម្រួលដល់ការអនុវត្តប្លង់មេសម្រាប់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក ក៏ដូចជាសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល កិច្ចការអភិវឌ្ឍន៍ និងការផ្តល់សេវាសាធារណៈ។ បើតាមលិខិតស្នើសុំ របស់ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនសម្ដេចប្រមុខរដ្ឋស្ដីទី សាយ ឈុំ។

នៅក្នុងលិខិតរបស់ សម្ដេច នាយករដ្ឋមន្រ្តី ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ជូន ប្រមុខរដ្ឋស្ដីទីបានបន្តថា ផ្អែកតាមរបាយការណ៍ស្ដីពីលទ្ធផលនៃការធ្វើបច្ចុប្បន្នភាពព្រំប្រទល់ ស្ថិតិប្រជាពលរដ្ឋ និងការចុះពិនិត្យទីតាំងជាក់ស្ដែងឃើញថា ដោយមានការកែសម្រួលពីរដ្ឋបាលខេត្ត និងភ្នំពេញ ថានឹងយកទំហំដី ៣៧៦ហិកតា ប៉ុន្តែ យកត្រឹមទំហំ ៣០២ហិកតា  ៩៣៩១ម៉ែត្រការ៉េវិញ។

សម្ដេច បានបន្តទៀតថា ផ្ទៃដីទំហំខាងលើ ដែលបានកាត់ចេញពីក្រុងតាខ្មៅ ដោយយកភូមិស្ទឺងជ្រៅ និងភូមិព្រែកតាពៅ សង្កាត់ដើមមៀន, ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី, ភូមិព្រែកតាឡុង សង្កាត់តាក្ដុល និងភូមិបត្តាជី សង្កាត់ព្រែកហូរ។ សង្កាត់ទាំង ៤ មានលំនៅឋានសរុបចំនួន ១៣៩ខ្នង ស្នើនឹង ១៧៧គ្រួសារ ប្រជាពលរដ្ឋចំនួន ៧៥៣នាក់។

ប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា ទន្ទឹមនេះ រដ្ឋបាលខេត្តកណ្ដាល បានស្នើមករាជរដ្ឋាភិបាល សុំកាត់ផ្ទៃដីទំហំ ២ហិកតា ៥១៥៥ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តតាក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុង/ខេត្តកណ្ដាល ដើម្បីឱ្យផ្ទៃដីវត្តទាំងមូលស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលតែមួយ និងងាយស្រួលក្នុងការចុះបញ្ជីវិញ្ញាបនបត្រសម្គាល់ម្ចាស់អលចនវត្ថុ៕

ដោយ៖Moeun Dyna