Register Already an agent ? Login

កម្ពុជា មានអាទិភាពក្នុងចំណោមប្រទេសអាស៊ាន ដែលក្រុមហ៊ុនជប៉ុនមួយចំនួនមានបំណងផ្លាស់ពីចិន

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនមួយចំនួនមានបំណងផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីប្រទេសចិនមកបណ្ដាប្រទេសអាស៊ាន ដែលកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសអទិភាពសម្រាប់វិនិយោគិនជប៉ុន។ បើតាមការបញ្ជាក់ របស់ លោក​ លោក Masashiro Miyao ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) បន្តថា ក្រុមហ៊ុនជប៉ុនមួយចំនួនកំពុងតែមានការចាប់អារម្មណ៍ខ្ពស់លើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសលើប្រភេទកសិផលសរីរាង្គសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅជប៉ុន និងគោលដៅដទៃទៀត ដែលផលិតផលសរីរាង្គមានតម្រូវការខ្ពស់។

ការថ្លែងខាងលើរបស់ ប្រធាន JETRO ប្រចាំកម្ពុជា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ស្វាគមន៍ និងជំរុញឱ្យវិនិយោគិនជប៉ុន មកបើកអាជីវកម្ម ឬរោងចក្រកែច្នៃផ្សេងៗនៅកម្ពុជា និងលើកទឹកចិត្តឱ្យមានការនាំចេញកសិផល ក៏ដូចជាផលិតផលកែច្នៃរបស់កម្ពុជាបន្ថែមទៅប្រទេសជប៉ុន និងគោលដៅសក្ដានុពលដទៃទៀត ជាពិសេសគឺត្រូវទាញយកផលប្រយោជន៍ឱ្យបានពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាគូភាគី។

លោក ប៉ាន សូរស័ក្ដិ បានទទួលជួបលោក Masahiro Miyao ប្រធាន JETRO ប្រចាំកម្ពុជា កាលបីថ្ងៃទី២២ តុលា ឆ្នាំ២០២០ ដើម្បីសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់អណត្តិបេសកកម្មនៅកម្ពុជាក្នុងខែតុលានេះ លោក រដ្ឋមន្រ្តី បានបង្ហាញសេចក្ដីស្វាគមន៍នូវការបន្ដកិច្ចការ និងគាំទ្រក្រុមហ៊ុនជប៉ុនក្នុងការធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ហើយក្រសួងពាណិជ្ជកម្ម នឹងបន្ដសហប្រតិបត្តិការជាមួយអង្គការ JETRO ក្នុងការគាំទ្រអាជីវកម្មជប៉ុននៅកម្ពុជា។

ក្នុងកិច្ចជំនួបនេះដែរ លោក រដ្ឋមន្រ្ដី ក៏បានជម្រាបដល់តំណាងអង្គការ JETRO នូវគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតូច (AIMS) របស់ក្រសួងពាណិជ្ជកម្ម ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូច និងក្រីក្រនៃផលិតផល ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូវមី និងសូត្រឆៅ និងស្នើសុំឱ្យក្រុមហ៊ុន AEON របស់ជប៉ុន ពិនិត្យលទ្ធភាពដាក់លក់ផលិតផលរបស់គម្រោង AIMS នៅទីផ្សាររបស់ខ្លួនផងដែរ។

នាឱកាសនោះ លោក ប៉ាន សូរស័ក្ដិ បានសម្ដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការបំពេញបេសកកម្ម ការងាររបស់លោក Masashiro Miyao កន្លងមក ដែលលោកជាប្រធានតំណាងប្រចាំកម្ពជាទី ៣នៃអង្គការ JETRO។

ទន្ទឹមនឹងនេះ លោក រដ្ឋមន្រ្តី ក៏បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី Marisa Haruta ប្រធានតំណាងអង្គការ JETRO ថ្មីប្រចាំកម្ពុជា ដោយសង្ឃឹមថា ក្នុងអណត្តិបំពេញការងាររបស់លោកស្រី នឹងពង្រឹងបានថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងការបន្ដលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា-ជប៉ុន៕

ដោយ៖ Moeun Dyna