Register Already an agent ? Login

វិស័យសំណង់ វិស័យអចលនទ្រព្យ និងដឹកជញ្ជូន បានធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិរឹងមាំ ក្នុងរង្វង់ ៧,១ភាគរយ ក្នុងឆ្នាំ២០១៩

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថានៅបន្តរក្សាកំណើនរឹងមាំក្នុងរង្វង់ ៧,១ផាគរយ ក្នុងឆ្នាំ២០១៩ ដែលគាំទ្រដោយកំណើនខ្ពស់លើសពីការរំពឹងទុកនៃអនុវិស័យសំណង់ កំណើនល្អប្រសើរនៃអនុវិស័យអចលនទ្រព្យ លក់ដុំ លក់រាយ និងអនុវិស័យដឹកជញ្ជូននិងទូរគមនាគន៍ ខណៈដែលអនុវិស័យកាត់ដេរ មានកំណើនថមថយ ហើយវិស័យកម្មសាន្តកំណើនអវិជ្ជមាន -០,៥ភាគរយ។ បើតាមសេចក្តីព្រាងច្បាប់ស្ដីពី ការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

សេចក្តីព្រាងច្បាប់ស្ដីពី «ការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩» ដែលគណៈរដ្ឋមន្រ្តីបើកកិច្ចប្រជុំពិភ្សាពិនិត្យ ដឹកនាំដោយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានបន្តឱ្យដឹងថា ឈរលើមូលដ្ឋាននេះ ផ.ស.ស. ថ្លៃបច្ចប្បន្នសម្រាប់ឆ្នាំ២០១៩ សម្រេចបានចំនួន ១១០ ០១៤ប៊ីលានរៀល ហើយ ផ.ស.ស. សម្រាប់មនុស្សម្នាក់ៗបានកើនឡើងជាបន្តបន្ទាប់ពី ១ ៥៦៣ដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ១ ៧០០ដុល្លារ ក្នុងឆ្នាំ២០១៩។

ទន្ទឹមនឹងនេះ អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ បានថយចុះពី ២,៥ភាគរយ ក្នុងឆ្នាំ២០១៨ មកត្រឹម ១,៨ភាគរយ ក្នុងឆ្នាំ២០១៩ ស្របពេលដែលអត្រាប្ដូរប្រាក់ស្ថិតក្នុងរង្វង់ដែលអាចគ្រប់គ្រងបានក្នុងកម្រិត ៤ ០៥៥រៀល ក្នុងមួយដុល្លារ។

បើតាមសេចក្ដីព្រាងច្បាប់បានបន្តឱ្យដឹងទៀតថា ចំណូលថវិការដ្ឋ (ថវិកាថា្នក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ) ឆ្នាំ២០១៩ អនុវត្តបានចំនួន ៣៤ ៥៤៣ ៩០៦,១លានរៀល ស្មើរនឹង ៣១,៤០ភាគរយ នៃ ផ.ស.ស. គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ២៣,១ភាគរយ ដោយក្នុងនោះចំណូលក្នុងប្រទេស អនុវត្តបានចំនួន ២៧ ៩១៦ ៥៥០,៨លានរៀល ស្មើនឹង ២៥,៣៨ភាគរយ នៃ ផ.ស.ស. គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ៣០,៨ភាគរយ និងចំណូលមូលធនក្រៅប្រទេស អនុវត្តបានចំនួន ៥ ៤៧៥ ៦៧៣,៨លានរៀល ស្មើនឹង ៤,៩៨ភាគរយ នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ ១,៨ភាគរយ។

សេចក្ដីព្រាងដដែលបានបន្តទៀតថា នៅក្នុងឆ្នាំ២០១៩ ចំណាយថវិការដ្ឋ (ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ) អនុវត្តបានចំនួន ២៨ ៦៧៦ ៦៣៩,៤លានរៀល ស្មើនឹង ២៦,០៧% នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ ១,៤ភាគរយ ក្នុងនោះ ចំណាយចរន្តថវិការដ្ឋ (ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ) អនុវត្តបានចំនួន ១៨ ៧៦៩ ៤១៤,៥លានរៀល ស្មើនឹង ១៧,០៦ភាគរយ នៃ ផ.ស.ស. គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ១,៧ភាគរយ។

ស្របជាមួយនឹងកត្តាកំណើនសេដ្ឋកិច្ចល្អប្រសើរក្នុងឆ្នាំ២០១៩ ការប្រមូលចំណូលក្នុងប្រទេសសម្រេចបានចំនួន ២៧ ៩១៧ ០០៣,៥ លានរៀល ដែលខ្ពស់ជាងផែនការ ៣០,៩ភាគរយ និងមានកំណើន ២៦,២ភាគរយ ធៀបនឹងលទ្ធផលនៃការប្រមូលចំណូលក្នុងប្រទេសឆ្នាំ២០១៨។ កំណើនចំណូលនេះ គឺខ្ពស់ជាងនិន្នាការកំណើនចំណូលជាមធ្យមក្នុងរង្វង់ ១៩,០ភាគរយ ក្នុងរយៈពេលនៃការអនុវត្តយុទ្ធសាស្រ្ដកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨។

ជាមួយគ្នានេះការប្រមូលចំណូលចរន្ដសម្រេចបាន ២៧ ៥៨៦ ៥៧៥,៨លានរៀល និងមានកំណើន ២៦,៦ភាគរយ ធៀបនឹងឆ្នាំ២០១៨ ត្រូវជា ៣,០១ពិន្ទុភាគរយ នៃ ផ.ស.ស. ដែលកំណើនដ៏ល្អលើសលុបនេះបានឆ្លុះបញ្ចាំងពីសកម្មភាពដ៏មមាញឹកនៃអាជីវកម្មគ្រប់វិស័យ រួមជាមួយនឹងការរីកចម្រើននៃកម្រិតជីវភាពប្រជាជន និងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលចំណូលសាពើពន្ធ និងចំណូលមិនមែនសារពើពន្ធ។

ក្នុងឆ្នាំ២០១៩ ចំណាយថវិកាសម្រាប់វិស័យការពារជាតិ សន្តិសុខ និងសណ្ដាប់ធា្នប់សាធារណៈអនុវត្តបានចំនួន ៤ ៤១៥ ៤៤៤,៥លានរៀល ត្រូវជា ៤,០១ភាគរយ នៃ ផ.ស.ស. ហើយស្មើនឹង ១០៣,២ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ ដែលមានកំណើន ១០,៧% ធៀបនឹងការអនុវត្តឆ្នាំ២០១៨។

ជាក់ស្ដែង នៅឆ្នាំ២០១៩ ថវិកាប្រមាណ ១០០លានដុល្លារអាមេរិក ត្រូវបានវិភាជសម្រាប់ការផ្ដល់ទុនដល់ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank)។ ទន្ទឹមនេះ ឥណទានថវិកាត្រូវបានវិភាជជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់សម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដែលចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដោយផ្ទាល់៕

ដោយ៖ Moeun Dyna