Register Already an agent ? Login

ប្រជាពលរដ្ឋដែលមានសំណង់នៅលើដីចំណី ផ្លូវ៣៨ខ្សែ ក្រុងសៀមរាបបានស្ម័គ្រចិត្តរុះរើ

សៀមរាប៖ ប្រជាពលរដ្ឋដែលមានក្បាលដី និងលំនៅដ្ឋានប៉ះពាល់លើផ្លូវទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប ដោយម្ចាស់លំនៅដ្ឋានមួយចំនួនបានអនុវត្តន៍រុះរើ និងមួយចំនួនមិនទាន់បានរុះរើ ដោយស្ថានភាពប៉ះពាល់ធ្ងន់ធ្ងរ និងម្ចាស់ដី ឬសំណង់នៅក្រៅខេត្ត ។ យោងតាមសេចក្តីរាយការណ៍លទ្ធផលតាមក្រុមការងារវាស់វែងទាំង ៦ក្រុម ដែលអនុវត្តបានមកត្រឹមថ្ងៃទី១៣ តុលានេះ។ បើតាមរដ្ឋបាលខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាបបានបន្តថា ក្នុងនោះដែរក្រុមការងារក៏បានលើកផងដែរ អំពីបញ្ហាប្រឈម មួយចំនួន ដែលក្រុមការងារបានជួប ក្នុងពេលចុះអនុវត្តធ្វើការវាស់វែង កំណត់ជើងម៉ែត្រ ដោយមានម្ចាស់សំណង់មួយ ចំនួនបានបំពាន លើគំនូសជើងម៉ែត្រ ដែលធ្វើឱ្យមានបញ្ហាមួយចំនួនជាមួយក្រុមការងារ ។

កិច្ចប្រជុំត្រួតពិនិត្យរាល់ផលប៉ះពាល់លើផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប លោក លី រស្មី អគ្គលេខាធិការរង នៃគណៈស្ថាបត្យករកម្ពុជា បានលើកនូវបទពិសោធន៍មួយចំនួន ដែលបានអនុវត្តនៅខេត្តព្រះសីហនុ ចំពោះការកំណត់ទំហំផ្លូវនីមួយៗ ព្រមទាំងបានផ្តល់នូវអនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្ត និង ក្រុមការងារវាស់វែងផ្លូវទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប គឺត្រូវចេះអនុម័តទៅលើរាល់បញ្ហាមួយចំនួន ដែលក្រុមនីមួយៗបានអនុវត្តន៍។

នៅក្នុងកិច្ចប្រជុំខាងលើ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឯកភាពទៅលើរបាយការណ៍ក្រុមការងារវាស់វែង បានលើកឡើង សំខាន់ដោយបានផ្តោតទៅលើបញ្ហាប្រឈម និងសំណូលពររបស់ប្រជាពលរដ្ឋមួយចំនួនបានលើកឡើង ដើមី្បដាក់ជូនទៅគណៈកម្មការអន្តរក្រសួង ដើមី្បធ្វើការត្រួតពិនិត្យ និងសម្រេច។

លោក អភិបាលខេត្តបាន ណែនាំដល់ក្រុមការងារវាស់វែង បន្តធ្វើការពិនិត្យ ជំរុញនូវគម្រោងផែនការជាប្រវត្តិសាស្ត្រ ក្នុងខេត្តសៀមរាប ក្នុងគោលដៅបម្រើដល់ប្រជាពលរដ្ឋ សំខាន់លើវិស័យសេដ្ឋកិច្ចទេសចរណ៍ ដោយខេត្តសៀមរាបជាខេត្តគោលដៅសំខាន់ក្នុងវិស័យទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលជាខេត្តដ៏សម្បូរបែបលើវិស័យវប្បធម៌ ដែលមានប្រាង្គប្រាសាទលី្បល្បាញទៀតផង។

លោក ទៀ សីហា បន្តថា ម៉្យាងទៀតក្នុងគម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែក្នុងក្រុងសៀមរាបនេះ ក្រុមការងារទាំងអស់ត្រូវបន្តធ្វើ យ៉ាងណាឱ្យទទួលបានជោគជ័យនូវសមរភូមិសតិអារម្មណ៍របស់ប្រជាពលរដ្ឋ និងកិច្ចដំណើរការស្ថាបនាផ្លូវបានជោគជ័យផងដែរ។

លោក អភិបាលខេត្ត ក៏បានធ្វើការថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមសហការជាមួយគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្ត ក្នុងការរុះរើបានទាន់ពេលវេលា ទោះបីក្នុងដំណាក់កាលនេះយើងខ្វះខាតជាងសំណង់ក៏ដោយ ក៏បងប្អូនបានខិតខំ ដើមី្បឲ្យកិច្ចដំណើរការស្ថាបនាផ្លូវក្នុងក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងស្រស់ស្អាតប្រកបដោយបរិស្ថានល្អបរិសុទ្ធ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្រោយពេលបញ្ចប់ជំងឺកូវីដ-១៩នេះទៅ៕

ដោយ៖ Moeun Dyna