
ភ្នំពេញ៖ លោក Masahiro Miyao ប្រធានតំណាងប្រចាំកម្ពុជា នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅក្នុងចំនួបជាមួយ លោក ចម ប្រសិទ្ធ បានបង្ហាញនូវជំហរក្នុងការបន្តអនុវត្តគម្រោងអភិវឌ្ឍនានានៅកម្ពុជា ជាពិសេស ការជួយទាក់ទាញវិនិយោគិននៅជប៉ុនមកកម្ពុជា តាមរយៈការបង្កើតឱ្យមានការផ្គូផ្គងអាជីវកម្មរវាងវិនិយោគិនកម្ពុជា-ជប៉ុន។
នៅក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលា ត្រូវបញ្ចប់អណត្តិបេសកកម្មនៅកម្ពុជាក្នុងខែតុលា ដែលធ្វើឡើងកាលពីថ្ងៃទី១៤ ខែតុលា នេះ លោក Masahiro Miyao បានសម្តែងនូវទឹកចិត្តរីករាយចំពោះការបំពេញអណត្តិការងារនៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយស្ថាប័ននិងភាគីពាក់ព័ន្ធនៅទីនេះ ដោយសម្រេចនូវលទ្ធផលគួរជាទីមោទក។
នាឱកាសនោះ លោក Masahiro Miyao បានបង្ហើបពីគម្រោង និងផែនការរបស់រដ្ឋាភិបាលជប៉ុនលើការវិនិយោគផ្នែកឧស្សាហកម្មនៅក្រៅប្រទេស គឺជំរុញលើកទឹកចិត្ត និងការគាំទ្រផ្នែកសហគ្រាសធុនតូចនិងមធ្យម ដែលជាឱកាសល្អមួយ ដែលភាគីទាំងពីរ (កម្ពុជា-ជប៉ុន) ត្រូវរិ:រកមធ្យោបាយសមស្របសម្រាប់ការរៀបចំពិធីការផ្គូផ្គងអាជីវកម្ម និងបង្ហាញសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា ទោះក្នុងកាល:ទេស:ដែលពិភពលោកកំពុងយាយីដោយជំងឺCovid-19។

នៅក្នុងជំនួបនេះ ចម ប្រសិទ្ធ បានសម្ដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការបំពេញបេសកកកម្មការងាររបស់លោក Masahiro Miyao រយៈពេលជាង ២ឆ្នាំកន្លងទៅនេះ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើកសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា។

លោក រដ្ឋមន្រ្តីបន្តថា ដោយឡែក ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកក៏បានដើរតួរយ៉ាងសំខាន់លើវិស័យទឹកស្អាត និងការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម ស្របពេលដែលលោកមានតំណែងមួយទៀតជាអគ្គលេខាធិការនៃអង្គការJBAC ជប៉ុន។

នៅក្នុងបរិយាកាសនោះដែរ លោក ចម ប្រសិទ្ធ ក៏បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី Marisa Haruta ប្រធានតំណាងអង្គការ JETRO ថ្មីប្រចាំកម្ពុជា ដោយសង្ឃឹមថា ក្នុងអណត្តិបំពេញការងាររបស់លោកស្រី នឹងពង្រឹងបានថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែប្រសើររវាងកម្ពុជា-ជប៉ុន ជាពិសេសការទាក់ទាញការវិនិយោគដោយផ្ទាល់ពីជប៉ុនមកកម្ពុជា ឱ្យបានកាន់តែច្រើនឡើង។
លោកស្រី Marisa Haruta ប្រធានតំណាងអង្គការ JETRO ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី ក៏បានបង្ហាញនូវជំហរបន្តកិច្ចសហប្រតិបត្តិការសម្រាប់គម្រោងអភិវឌ្ឍនានានៅកម្ពុជា៕
ដោយ៖ Moeun Dyna