Register Already an agent ? Login

៧ខែឆ្នាំនេះ អង្ករនាំចេញឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យចំនួនជាង ៤សែនតោន កើនឡើងជា ១សែនតោន ស្មើនឹង៣៨%

ភ្នំពេញ៖ ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២០ ការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យមានចំនួន ៤២៦ ០៧៣តោន កើនឡើងប្រមាណ ១១៨ ០៦០តោន ស្មើនឹង៣៨,៣៣ភាគរយ បើធៀបទៅនឹងរយៈ ៧ខែដើមឆ្នាំ២០១៩ មានចំនួន ៣០៨ ០១៣តោន ប៉ុណ្ណោះ។ បើតាមគណីហ្វេសប៊ុក លោក វេង សខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

លោក រដ្ឋមន្រ្តីបន្តឱ្យដឹងថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៧ខែនេះ មានចំនួន ៥៧ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន២៤ ក្នុងចំណោម ២៨ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៦ប្រទេស។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន៥ ក្នុងចំណោម ៧០ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ»។

លោក វេង សាខុន បានបញ្ជាក់ថា «ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៧ខែដើមឆ្នាំដូចគ្នា ប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ សហភាពអ៊ឺរ៉ុបកើនចំនួន ៣៧,៧០ភាគរយ, ប្រទេសចិនកើនចំនួន ២៥,៩១ភាគរយ, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៤,០៣ភាគរយ, និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧២,៤០ភាគរយ»។

លោក បន្ថែមថា ការនាំចេញស្រូវនៅច្រកតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២០ មានចំនួនជាង ១,១១៥លានតោន។

បើតាមគណីហ្វេសប៊ុករបស់ លោក រដ្ឋមន្រ្តីបានបន្ថែមទៀតថា ដោយឡែក សម្រាប់ខែកក្កដា ឆ្នាំ២០២០ សម្រេចការនាំចេញអង្ករបានចំនួន ២៨ ៤១៣តោន កើនឡើងចំនួន ១ ៩៣៨តោន ស្មើនឹង ៧,៣២ភាគរយ ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៨ ៥២៣តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៩ ២០៨តោន, អង្ករចំហ៊ុយមានចំនួន ៦៨២តោន និងអង្ករក្រហមមានចំនួន ២៨,៤១តោន៕

ដោយ៖ Moeun Dyna