Register Already an agent ? Login

លោក ថោង ខុន បង្ហាញឱកាសវិនិយោគទេសចរណ៍នៅកម្ពុជា ដល់សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-US តែត្រូវរួមគ្នាទប់ស្កាត់កូវីដ-១៩ជាមុន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបង្ហាញពីឱកាសវិនិយោគជាច្រើន លើវិស័យទេសចរណ៍នៅកម្ពុជា ដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ដែលជាស្ថាប័នដ៏ធំមួយ មានសមាជិកនៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាជុំវិញពិភពលោក។ លោក ក៏បានស្នើសុំកិច្ចសហការរួមគ្នា ទប់ស្កាត់ការរាតត្បាតជំងឺ COVID-19 ឱ្យខាងតែបានជាមុនផងដែរ។

ការលើកខាងលើឡើង របស់ លោក ថោង ខុន ពេលចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) តាមរយៈ Video Conference កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។ ក្នុងកិច្ចប្រជុំនេះ ភាគី US-ABC បានលើកសំណើជាច្រើន ដើម្បីស្វែងរកការជួយកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ចទេសចរណ៍ នាអំឡុង កម្ពុជាជួបវិបត្តិជំងឺកូវីដ-១៩ និងក្រោយពេលវិបត្តិនេះត្រូវបានបញ្ចប់។

នៅក្នុងកិច្ចនោះ លោក Amb. Michael W.Michala អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បានថ្លែងឱ្យដឹងថា បច្ចុប្បន្ន US-ABC មានបណ្តាក្រុមហ៊ុនរបស់អាមេរិកជាច្រើន នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោកជាសមាជិក។ លោក ថា តាមរយៈកិច្ចប្រជុំនេះ US-ABC ស្នើសុំបង្កើតកិច្ចសហប្រតិបត្តិការ ការដោះស្រាយបញ្ហាធុរកិច្ចក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺ COVID-19។

លោក Amb បញ្ជាក់ សម្រាប់កិច្ចប្រជុំដែលមានការចូលរួម ដោយបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនជាសមាជិក មកពីក្រុមហ៊ុន Google, Visa, Agoda, Expedia Group, និងក្រុមហ៊ុន Air nb ជាដើម ក្នុងគោលបំណងបង្កើតគំនិត និងការអនុវត្តល្អៗក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩  និងលើកផែនការបង្កើតកិច្ចសហប្រតិបត្តិការ ស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ និងស្នើបន្តកិច្ចសហការជាមួយកម្ពុជា ក្នុងវិស័យធុរកិច្ចទេសចរណ៍នៅឆ្នាំបន្តបន្ទាប់ទៀត។

ឆ្លើយតបនឹងសំណើនេះ ថោង ខុន បានស្នើឱ្យ US-ABC បន្តសហការជាមួយផ្នែកជំនាញក្រសួងទេសចរណ៍កម្ពុជា ដើម្បីអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនានា ក្នុងវិស័យទេសចរណ៍។ ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី ក៏បានស្នើដល់ US-ABC ជំរុញសមាជិករបស់ខ្លួនមកវិនិយោគនៅកម្ពុជា ក្នុងវិស័យទេសចរណ៍ ជាពិសេសសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ដែលកំពុងមានសក្តានុពល និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងខ្លាំង៕

ដោយ៖ឌីណា