Register Already an agent ? Login

លោក ថោង ខុន៖ ក្នុងរយះពេលបីសប្ដាហ៍នៃខែមិថុនានេះមានភ្ញៀវទេសចរជាង ៤៥ ម៉ឺននាក់ចេញដើរទស្សនា

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសក្នុងរយៈពេល ៣សប្តាហ៍ ក្នុងខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប ៤៥២,៦៩២ នាក់ កើនឡើង ៧.២៤ភាគរយ ធៀបនឹងរយៈពេល ៣សប្តាហ៍ នៃខែឧសភា កន្លងមក។ បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។

ក្នុងចំណោមភ្ញៀវទាំងនោះមានជាតិចំនួន ៤៤១,៣៩៧នាក់ កើនឡើង ៦.៦១ភាគរយ និងភ្ញៀវបរទេសមានចំនួន ១,២៩៥នាក់ កើនឡើង ៣៩.៣៤ភាគរយ។ ជាការបន្តរបស់ លោក រដ្ឋមន្រ្តី បញ្ជាក់ថា ខេត្តតំបន់ឆ្នេរ (ពិសេសខេត្តកំពត និងកែប)។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បន្ថែមថា តំបន់ខាងលើនៅតែជាគោលដៅទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើនជិត ៥០ភាគរយ នៃទេសចរផ្ទៃក្នុងសរុប។ ចំណែកឯខេត្តសៀមរាប ក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា។

លោក ថោង ខុន បានបន្ថែមទៀតថា ជាមួយការបន្តងើបឡើងវិញនូវចលនាទេសចរណ៍ផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍បានពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម ៦ប្រភេទ ដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលរួមមានសេវាស្នាក់នៅ ភោជនីយដ្ឋាន ការដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍៕

ដោយ៖ឌីណា