Register Already an agent ? Login

លោក គួច ចំរើន ប្រកាសចែកបណ្ណកម្មសិទ្ធិដី នៅភូមិថ្មី ឃុំកំពង់សីលា ខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នឹងចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ដល់ម្ចាស់ក្បាលដី ក្នុងតំបន់វិនិច្ឆ័យ នៅភូមិថ្មី ឃុំ/ស្រុកកំពង់សីលា ចាប់ពីថ្ងៃទី១២ ដល់២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ប្លង់កម្មសិទ្ធិសម្គាល់ម្ចាស់ដីនេះ ក្រោមដំណើរការ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីជូនដំណឹងដឹងរដ្ឋបាលខេត្តបានបញ្ជាក់ថា ចំពោះបណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លី (បណ្ណស្លាបមាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី កន្លងមកក្នុងតំបន់វិនិច្ឆ័យខាងលើនេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកបណ្ណកម្មសិទ្ធិនេះតទៅ។

ទីកន្លែងដែលត្រូវមកទទួលបណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លីថ្មី នៅបរិវេណវត្តឧទុម្ភរ (ចំប៉ា) ស្រុកខាងលើ។ ជាការបញ្ជាក់បន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបន្ថែមថា ចំពោះម្ចាស់បំណុល ដែលបានទទួលបញ្ចាំ ដាក់ធានា និងដាក់ហ៊ីប៉ូតែក ពាក់ព័ន្ធហ្នឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកបណ្ណទាំងនោះមកជូនរដ្ឋបាលសុយោរិដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក៕

ដោយ៖ឌីណា