Register Already an agent ? Login

ពិតជាដូចការសន្យាមែន! សម្តេចតេជោ សម្រេចផ្តល់អំណោយ ផ្លូវបេតុងមួយខ្សែ ជាង១០គីឡូម៉ែត្រ នៅឃុំព្រែកអំបិល ស្រុកស្អាង


Tue, 11 Jun 2019

កណ្តាល ៖ នេះគឺពិតជាកាដូ ដ៏ពិសេសបំផុត សម្រាប់ប្រជាពលរដ្ឋ នៅពាក់កណ្តាលឆ្នាំ២០១៩ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេច ផ្តល់អំណោយជាផ្លូវបេតុង ស្របតាមមាត់ស្ទឹងព្រែកអំបិល ក្នុងឃុំព្រែកអំបិល ស្រុកស្អាង ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការ របស់ពលរដ្ឋ ដែលពួកគាត់បានទន្ទឹងរង់ចាំ អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីផ្លូវនេះ មានសភាពខូចខាតយ៉ាងដំណំ ពិបាកក្នុងការធ្វើដំណើរទៅវិញទៅមក របស់ពលរដ្ឋក្នុងមូលដ្ឋាន។

ការផ្តល់នេះ បានធ្វើឡើងតាមរយៈ លោក កែវ រ៉េមី ប្រធានក្រុមការងារ ចុះជួយឃុំព្រែកអំបិល ។

លោក កែវ រ៉េមី បានលើកឡើង ទៅកាន់ពលរដ្ឋ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសដឹកនាំ ក្រុមការងាររៀបចំ ហូបនំបញ្ចុកសាមគ្គី ដើម្បីសន្តិភាព នៅឃុំព្រែកអំបិល ស្រុកស្អាងថា ក្រោមការដឹកនាំ របស់សម្តេចតេជោ តែងតែគិតគូរពីសុខទុក្ខពលរដ្ឋ នៅតាមមូលដ្ឋានជានិច្ច ទោះបីជាសម្តេច ជាប់រវល់កិច្ចការងារជាតិ យ៉ាងណាក៏ដោយ ក៏សម្តេចមិនដែលភ្លេច ចាត់មន្ត្រីក្រោមឱវាទ ចុះសិក្សាស្វែងយល់ និងក្តាប់ពីស្ថានភាពនានា។ 

ចំពោះសមិទ្ធផល ផ្លូវបេតុងមួយខ្សែនេះ លោក កែវ រ៉េមី ក៏ថ្លែងអំណរគុណ ដល់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកណ្តាល និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្អាង ដែលបានគិតគូរផ្តួចផ្តើម គំនិតស្ថាបនាផ្លូវមួយខ្សែនេះឡើង ទៅតាមសំណូមពរពលរដ្ឋ ហើយនេះគឺជាកាដូថ្មីមួយ សម្រាប់លោកមកទទួលតួនាទី ជាប្រធានក្រុមការងារ ចុះជួយឃុំអំបិល។

នៅចំពោះមុខពលរដ្ឋ លោក កែវ រ៉េមី បានបន្តថា នឹងសហការ ជាមួយអាជ្ញាធរមូលដ្ឋានសិក្សា ស្វែងយល់ពីតម្រូវការជាចាំបាច់ និងភាពខ្វះខាតមួយចំនួន ដើម្បីអភិវឌ្ឍន៍ ក្នុងមូលដ្ឋានឲ្យឆ្លើយតបទៅនឹង សំណូមពរពលរដ្ឋ ស្នើសុំផ្លូវពីរខ្សែ ក្នុងភូមិចំនួនពីរបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរ។

បន្ថែមពីនេះ លោកក៏បានជំរុញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បន្តចុះពិនិត្យព្យាបាល ព្រមទាំងផ្តល់សេវាសុខភាពផ្សេងៗ ឲ្យពលរដ្ឋក្នុងមូលដ្ឋាន បានដិតដល់ដែរ។

សូមរំលឹកថា ផ្លូវមួយខ្សែជាអំណោយ របស់សម្តេចតេជោ ចំពោះពលរដ្ឋ ក្នុងឃុំព្រែកអំបិល មានសភាពខូចខាតយ៉ាងខ្លាំង ក្នុងការធ្វើដំណើរ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ពិសេសនោះនៅរដូវវស្សា។

បើតាមលោកមេឃុំព្រែកអំបិល ផ្លូវមួយខ្សែនេះ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៦ មិថុនា ខាងមុខ ក្រោមអធិបតីភាពលោក ប្រាក់ សុខុន ប្រធានគណៈពង្រឹងស្រុកស្អាង៕ 

ប្រភព : www.dap-news.com