Register Already an agent ? Login

ចំណូលធំៗទាំងនេះ ដែលធ្វើឲ្យធនាគារអេស៊ីលីដា រំពឹងរកប្រាក់ចំណេញរហូតដល់១០០លានដុល្លារនៅឆ្នាំ២០១៩នេះ

ថ្លែងនៅក្នុងកម្មវិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជូនបុគ្គលិកនិងអតិថិជនរបស់ខ្លួនកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្តាល លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឲ្យដឹងថា ធនាគារអេស៊ីលីដា បានរំពឹងថានឹងរកប្រាក់ចំណេញប្រមាណ១០០លានដុល្លារនៅឆ្នាំ២០១៩នេះ ដែលនឹងកើនឡើងលើសឆ្នាំ២០១៨ ដែលមានប្រមាណ៨៤លានដុល្លារអាមេរិក។ 

លោកបានបន្ថែមទៀត ការរំពឹងប្រាក់ចំណេញកើនឡើងខ្ពស់ជាងមុននេះ ដោយសារតែនៅដើមឆ្នាំ២០១៩នេះ ធនាគារអេស៊ីលីដា កត់សម្គាល់ឃើញពីកំណើនល្អខ្លាំងជាងឆ្នាំ២០១៨កន្លងទៅ។ នៅឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនខ្ពស់ខ្លាំង៧,៥ភាគរយ ហើយឆ្នាំ២០១៩នេះ រំពឹងថា នឹងនៅតែមានកំណើនជាង៧ភាគរយដដែល។ 

ចំណូលធំៗ ដែលអេស៊ីលីដាទទួលបានសម្រាប់គាំទ្រដល់កំណើននៅរយៈពេល១ត្រីមាសឆ្នាំ២០១៩ គឺបានមកពីសេវាទូទៅ ពិសេស គឺសេវាអេស៊ីលីដា យូនីធីទាន់ចិត្ត ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រមាណ ១លាននាក់ និងចំណូលស្នូលដ៏សំខាន់មួយទៀតនោះ គឺបានមកពីសេវាឥណទាន។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អ៊ិន ចាន់នី ។

ក្នុងនោះ ប្រាក់បញ្ញើអតិថិជនបានកើនឡើងជាង១៥ភាគរយ ដែលកើនឡើងទឹកប្រាក់សរុបដល់ប្រមាណ ជាង២២ពាន់លានដុល្លារអាមេរិក និងឥណទានបានកើនឡើងជិត១៩ភាគរយ ដែលមានទឹកប្រាក់សរុបដល់២៤,៥ពាន់លានដុល្លារ។ 

រីឯអ្នកផ្ញើប្រាក់នៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុវិញ មានរហូតដល់៦លាន២សែនគណនីខណៈដែលអ្នកខ្ចីប្រាក់ មាន២លាន៦សែនគណនី៕

ប្រភព : Bee