ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា យោងតាមទិន្នន័យពីថ្នាលធុរកិច្ចថ្មីកម្ពុជា, គិតត្រឹមខែឧសភា ឆ្នាំ ២០២៦ ធុរកិច្ចថ្មីមានប្រមាណ ២៦៩ ហើយក្នុងនោះមានធុរកិច្ចថ្មីប្រហែល ៤២% ស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើមប្រតិបត្តិការ និង ៣២% ស្ថិតក្នុងដំណាក់កាលប្រតិបត្តិការ ហើយមានតែធុរកិច្ចថ្មីប្រមាណ ៤% ប៉ុណ្ណោះ ស្ថិតក្នុងដំណាក់កាលពង្រីកអាជីវកម្ម។
ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្នុងសិក្ខាសាលាប្រកាសបើកជាផ្លូវការកម្មវិធី “វិនិយោគសាធារណៈរដូវកាលទី២” និងអបអរសាទរធុរកិច្ចថ្មីដែលទទួលបានការវិនិយោគក្រោមកម្មវិធីវិនិយោគសាធារណៈរដូវកាលទី១ ដែលត្រូវបានរៀបចំដោយលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមបានបន្តថា ធុរកិច្ចថ្មីមួយចំនួនក៏ពុងតែស្វែងរកការវិនិយោគដំបូងក្នុងទំហំថវិកាតូចល្មម ខណៈបណ្តាញវិនិយោគិន ឬវិនិយោគិនបុគ្គលស្វែងរកធុរកិច្ចថ្មីដែលត្រូវការទំហំថវិកាធំ។ ការណ៍នេះ ស្តែងឱ្យឃើញពីចន្លោះប្រហោងនៃការផ្តល់មូលនិធិ ឬជាភាសាអង់គ្លេសហៅថា “Missing Middle” ដែលធ្វើឱ្យធុរកិច្ចថ្មីពិបាកក្នុងការស្វែងរកមូលនិធិក្នុងការបន្ត និងពង្រីកអាជីវកម្មរបស់ខ្លួនទៅដំណាក់កាលបន្ទាប់បាន។
ឯកឧត្តមគូសបញ្ជាក់ថា វត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថាប័នគាំទ្រសហគ្រិនភាព, វិស័យឯកជន, ដៃគូអភិវឌ្ឍន៍, ស្ថាប័នអប់រំ, ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម សរុបប្រមាណ ២៧៨ នាក់ នាថ្ងៃនេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូ-ឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មីនៅកម្ពុជា និងការរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនវានុវត្តន៍, ភាពធន់ និងបរិយាបន្ន។
ឯកឧត្តមសង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា ឱ្យមានបរិយាកាសអំណោយផល និងមានការតភ្ជាប់ជាប្រព័ន្ធ ដើម្បីគាំទ្រធុរកិច្ចថ្មីគ្រប់ដំណាក់កាលក្នុងការចាប់ផ្តើម, លូតលាស់, ពង្រីកទីផ្សារ, ទទួលបានមូលធន, អភិវឌ្ឍសមត្ថភាពឱ្យអាចប្រកួតប្រជែងបានទាំងក្នុងស្រុក, តំបន់ និងទីផ្សារអន្តរជាតិ ព្រមទាំងបង្កើនការរួមចំណែករបស់ធុរកិច្ចថ្មីក្នុងផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។ ដែលផ្ដោតជាសំខាន់លើការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន, ការអភិវឌ្ឍជំនាញ, ការចាប់យកបច្ចេកវិទ្យា, ការពង្រឹងសមត្ថភាពគ្រប់គ្រង និងការតភ្ជាប់ទីផ្សារផងដែរ ដើម្បីធានាស្ថិរភាពអាជីវកម្ម និងជំរុញសកម្មភាពសេដ្ឋកិច្ចជាតិ។
កន្លងមក ការទទួលបានហិរញ្ញប្បទានពីរាជរដ្ឋាភិបាលទម្រង់សំខាន់ៗ ចំនួន២ ដែលយើងអាចសង្កេតឃើញក្នុងពេលបច្ចុប្បន្ន រួមមាន (១)-ការផ្តល់ឥណទាន ដែលមានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាននិងកំពុងធ្វើយ៉ាងសកម្ម, និង (២)-ការផ្តល់ជាមូលនិធិឥតសំណង ដែលមានមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងសហគ្រិនខ្មែរ ជាដើម បានផ្តល់ជូនសម្រាប់សហគ្រាស ឬធុរកិច្ចថ្មី ចូលរួមក្នុងកម្មវិធីរបស់ខ្លួន។
ជាក់ស្តែង បណ្ដាញវិនិយោគិនភាគច្រើនផ្តោតលើការវិនិយោគលើផលប័ត្រដែលមានទំហំថវិកាធំ និងផ្តោតលើធុរកិច្ចថ្មី ឬសហគ្រាសដែលមានភាពរួចរាល់ខ្ពស់ក្នុងការទទួលបានទុនវិនិយោគ។ បន្ថែមពីនេះ ការវិនិយោគពីបណ្ដាញវិនិយោគិនទាមទារឱ្យធុរកិច្ចថ្មីត្រូវចុះបញ្ជី និងភាគច្រើន គឺត្រូវស្ថិតនៅក្នុងដំណាក់កាលប្រតិបត្តិការទើបអាចទទួលបានការវិនិយោគ។
ក្នុងនោះ វិនិយោគិនបុគ្គល បានរួមចំណែកក្នុងការវិនិយោគធុរកិច្ចថ្មីមួយចំនួនដែរ ប៉ុន្តែការចូលរួមនេះនៅមានកម្រិតតិចតួចនៅឡើយ។ តាមទិន្នន័យដែលអាចប្រមូលបាន និងគិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥, ការវិនិយោគបែបភាគហ៊ុនលើធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា មានទំហំសរុបប្រហែល ៧,២លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ ត្បិតថាមិនមានទិន្នន័យពេញលេញអំពីតួលេខនេះ តែទិន្នន័យនេះ ក៏អាចឆ្លុះបញ្ចាំងក្នុងមួយកម្រិតបានដែរថា ទិដ្ឋភាពវិនិយោគលើធុរកិច្ចថ្មីនៅកម្ពុជា នៅមានទំហំតូច និងនៅមានកម្រិតនៅឡើយ។
ឯកឧត្តមបន្ថែមថា ដោយមើលឃើញពីស្ថានភាពនេះ លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) ក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើង ដើម្បីដើរតួនាទីជាយន្តការហិរញ្ញវត្ថុដ៏សំខាន់ ក្នុងការគាំទ្រ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពល និងប្រកបដោយថាមវន្ត តាមរយៈការផ្តល់ហិរញ្ញប្បទាន, ការកសាងសមត្ថភាព និងការជំរុញកិច្ចសហការជាមួយតួអង្គនានា ក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព៕
ដោយ៖khmerhome