Register Already an agent ? Login

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន៖ ៧ខែ ដំបូងនៃឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានកម្រិតខ្ពស់បំផុតជិត ៧,៨ ពាន់លានដុល្លារ កើនឡើង ១០,៣%

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន មានសុទិដ្ឋិនិយមថា ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល ៧ខែ ដំបូងនៃឆ្នាំ២០២៦ សម្រេចបានកម្រិតខ្ពស់បំផុតជិត ៧,៨ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១០,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ការមានសុទិដ្ឋិនិយមបែបនេះរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី៨១ នៃទិវាបុណ្យជាតិវៀតណាម ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។

ឯកឧត្តមសន្តិបណ្ឌិត បានថ្លែងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងវៀតណាម នឹងបន្តកើនឡើងរហូតដល់សម្រេចគោលដៅ ២០ប៊ីលានដុល្លារអាម៉េរិក នាពេលឆាប់ៗខាងមុខ ខណៈដែលរយៈពេល ៧ខែឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្មកម្ពុជាជាមួយវៀតណាម នៅតែរក្សាបានចំណាត់ថ្នាក់ទី៣ បន្ទាប់ពីចិន និងសហរដ្ឋអាម៉េរិក។

ឯកឧត្តមសន្តិបណ្ឌិត បានអបអរសាទរចំពោះមិត្តវៀតណាម ដែលបានធ្វើដំណើរយ៉ាងស្វាហាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសការទទួលបានកំណើនសេដ្ឋកិច្ចជាង ៨% នៅក្នុងឆ្នាំ២០២៥។ ឯកឧត្តមសន្តិបណ្ឌិតជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមានឯកឧត្តម តូ ឡឺម អគ្គលេខាធិការ និងជាប្រធានរដ្ឋជាប្រមុខដឹកនាំវៀតណាម នឹងសម្រេចបានទិសដៅសហស្សវត្សរ៍ធំៗចំនួនពីរ។

ឯកឧត្តមសន្តិបណ្ឌិត បានបន្តថា ទី១.វៀតណាមជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងឱកាសខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តវៀតណាម និងទី២ .ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និងមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ក៏ដូចជាការលើកស្ទួយកិត្យានុភាព និងតួនាទីរបស់វៀតណាម នៅលើឆាកតំបន់ និងអន្តរជាតិ។

ឯកឧត្តមសន្តិបណ្ឌិត មានសេចក្តីរីករាយយ៉ាងខ្លាំងដោយបានកត់សម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់យើង មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យរាប់តាំងពីវិស័យនយោបាយ រហូតដល់ពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់តាំងពីឆ្នាំ២០២២ មកដល់បច្ចុប្បន្នេះ វៀតណាមជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣របស់កម្ពុជា។

ឯកឧត្តមសន្តិបណ្ឌិត គូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ការវិនិយោគរបស់វៀតណាមឈរលំដាប់ទី៣ នៃវិនិយោគបរទេសនៅកម្ពុជា ហើយនៅលំដាប់ទី២ បន្ទាប់ពីសិង្ហបុរី ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។ ទេសចរវៀតណាមមកកម្ពុជា បានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវបរទេស។ ជាមួយគ្នានេះដែរ ទេសចរកម្ពុជាទៅវៀតណាមក៏ឈរនៅលំដាប់ទី១ ក្នុងចំណោមប្រទេសសមាជិកអាស៊ានផងដែរ ស្របពេលដែលកំណើនភ្ញៀវទេសចរដ៏ច្រើនរវាងប្រទេសទាំងពីរ បានបង្ហាញអំពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធ និងកក់ក្តៅ។

ឯកឧត្តមសន្តិបណ្ឌិត សង្កត់ធ្ងន់ថា ចំពោះការតភ្ជាប់មកដល់ពេលនេះ ប្រទេសទាំងពីរមានជើងហោះហើរត្រង់សរុប ៨៧ជើងក្នុងមួយសប្តាហ៍ ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន២ (Viet Nam Airlines និង Vietjet Air) និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia។ បន្ថែមលើនេះ ការតភ្ជាប់ផ្លូវគោករបស់យើងក៏កាន់តែមានភាពសម្បូរបែប។ យើងទើបបានដាក់សម្ពោធជាផ្លូវការនូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ ព្រៃវែង-តឺនណាម តៃនិញ កាលពីខែធ្នូ ឆ្នាំ២០២៥ ហើយក្នុងពេលឆាប់ៗខាងមុខនឹងមានផ្លូវល្បឿនលឿនតភ្ជាប់ភ្នំពេញ-បាវិត ជាមួយផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងការដឹកជញ្ជូនភ្ញៀវទេសចរ និងទំនិញបន្ថែមទៀត។

ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា លើកឡើងថា នៅខែមករា ឆ្នាំ២០២៦ គណបក្សកុម្មុយនិស្តវៀតណាមបានរៀបចំដោយជោគជ័យនូវមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ ដែលបាននាំប្រទេសវៀតណាមឈានចូលក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ជាតិ និងបានដាក់ចេញគោលដៅថា នៅឆ្នាំ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មទំនើប និងមានចំណូលមធ្យមកម្រិតខ្ពស់ ព្រមទាំងសម្រេចបានចក្ខុវិស័យនៅឆ្នាំ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់។

ឯកឧត្តមបានបន្តថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមសម្រេចបានអត្រាកំណើន ៨,១៨% ហើយកំពុងខិតខំប្រឹងប្រែងសម្រេចឱ្យបានអត្រាកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ២០២៦ យ៉ាងតិច ១០%។ ឯកឧត្តមមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានឃើញថា ទោះបីជាកំពុងប្រឈមនឹងការលំបាកនិងបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏ប៉ុន្តែកម្ពុជានៅតែបន្តរក្សាបាននូវស្ថិរភាពនយោបាយ ការគ្រប់គ្រងសេដ្ឋកិច្ចម៉ាក្រូប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបន្ថែមថា ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលរបស់កម្ពុជាកើនឡើងយ៉ាងខ្លាំង មានគម្រោងវិនិយោគថ្មីៗជាច្រើន ព្រមទាំងបង្កើននិងពង្រីកសកម្មភាពការទូត និងបានបំពេញតួនាទី និងភារកិច្ចអន្តរជាតិធំៗ ដូចជាការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន និងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)។ គោលជំហរ និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក៏កាន់តែត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក៕

ដោយ៖khmerhome