Register Already an agent ? Login

អូស្ត្រាលីប្រគល់ប្រាក់ប្រមាណ ៧លានដុល្លារសាងសង់ប្រពន្ធ័ធារាសាស្ត្រនៅខេត្តព្រៃវែង

រដ្ឋាភិបាលអូស្ត្រាលីនៅសប្ដាហ៍មុន បានប្រកាសផ្ដល់ជំនួយឥតសំណងចំនួន៧លានដុល្លារ ដើម្បីអភិវឌ្ឍន៍គម្រោងធារាសាស្ត្រចំនួន ៤នៅខេត្តព្រៃវែង ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរក្នុងខេត្តនេះមានលទ្ធភាព ដាំដំណាំស្រូវពី ២ទៅ ៣ដងក្នុងមួយឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់ VOA។

សេចក្ដីប្រកាសរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាដែលចេញផ្សាយកាលកន្លងទៅ បានបញ្ជាក់ឲ្យដឹងថាគម្រោងធារាសាស្ត្រចំនួន ៤ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលអូស្ត្រាលី ត្រូវបានផ្ដល់ជូនសហគមន៍ជាច្រើនក្នុងខេត្តព្រៃវែង។

គម្រោងទាំង ៤ ស្មើនឹង ៤ខ្សែដែលស្ថិតក្នុងស្រុកព្រះស្ដេច ពាមជរ កំពង់ត្របែក និងពាមរក៍ នឹងផ្ដល់ឲ្យគ្រួសារកសិករជាង១ ៥០០គ្រួសារ ទទួលបានទឹកស្រោចស្រពវិលជុំរាល់ឆ្នាំ ដែលនឹងអនុញ្ញាតឲ្យពួកគេអាចដាំដំណាំស្រូវពី២ ទៅ ៣ដងក្នុងមួយឆ្នាំៗ។

អ្នកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាអ្នកស្រីបានថ្លែងថា គាត់ពិតជាមានមោទនភាពចំពោះកិច្ចការរបស់អូស្ត្រាលី ដើម្បីជួយគ្រួសារជាច្រើន និងសហគមន៍នានានៅតាមតំបន់ជនបទរបស់កម្ពុជា ដើម្បីបង្កើនប្រាក់ចំណូល និងរៀបចំត្រៀមដោះស្រាយបញ្ហាប្រឈមរយៈពេលវែងជាច្រើន ដូចជាកង្វះពលកម្ម និងការប្រែប្រួលអាកាសធាតុ៕

ប្រភព : Bee