Register Already an agent ? Login

ផ្សារទំនើប Parkson ចាប់ផ្តើមសង់តាំង២០១២មកដល់ឥឡូវនៅមិនទាន់ដំណើរការ

ស្របពេលដែលកំណើននៃផ្សារទំនើជាតិ និងអន្តរជាតិ ជាច្រើន បានចូលខ្លួនមកតាំងខ្លួននៅកម្ពុជា និងខ្លះកំពុងដំណើរការ និងខ្លះទៀតកំពុងសាងសង់ យើងឃើញថា ផ្សារទំនើបចំណាស់ Parkson នៅមិនទាន់ដំណើរការនៅឡើយ។

ផ្សារទំនើប Parkson ដែលផ្សារទំនើបយីហោពីម៉ាឡេស៊ីត្រូវបានអ្នកវិនិយោគ ម៉ាឡេស៊ី និងក្រុមហ៊ុនផាកសិន គ្រុបដែលបានបោះទុនវិនិយោគទឹកប្រាក់ប្រមាណ ១១៧លាន ដុល្លា ត្រូវបានគេចាត់ទុកថា ជាដៃគូប្រជែងធំមួយរបស់ផ្សារទំនើប អ៊ីអន មើលទៅហាក់ដូចជាសាងសង់រួចហើយ ប៉ុន្តែមិនទាន់មានដំណឹងថា នឹងដំណើរការនៅពេលណាឲ្យពិតប្រាកដនោះទេ ខណៈផ្សារទំនើប១នេះ ប្រកាសពន្យាពេលឥតឈប់ឈរ។

យោង តាមអ្នកនាង សម្ភស្ស ជាបុគ្គលិកផ្នែកធនធានមនុស្សនៃក្រុមហ៊ុនផ្សារទំនើបនេះបានឲ្យដឹងថា ការពិតទៅ ការរៀបចំបុគ្គលិក និងការជួលកន្លែងលក់ បានធ្វើរៀបរយហើយ នៅឡើយចាំតែ ការបញ្ចប់ការសាងសង់របស់ក្រុមវិស្វករតែប៉ុណ្ណោះ។ ក៏ប៉ុន្តែអ្នកនាងក៏មិនអាចបញ្ជាក់បានថា តើវានឹងដំណើរការនៅពេលណានោះដែរ។

ផ្សារទំនើបនេះ មានចម្ងាយប្រហែល៥០០ម៉ែត្រពីទីស្ដីកាគណៈរដ្ឋមន្រ្តី និងមានចម្ងាយប្រហែល២០០ម៉ែត្រ ពីស្ពានអាកាសតិចណូដែលជាគម្រោងអភិវឌ្ឍថ្មីមួយមានកម្ពស់១១ ជាន់ស្ថិតនៅតាមបណ្ដោយមហាវិថីសហ ព័ន្ធរុស្សី ដែល មានទំហំដីសរុបចំនួន៧០,០០០ម៉ែត្រ ការ៉េ។

កាលពីដើមឆ្នាំ ២០១៨ ផ្សារទំនើប Parkson នៅប្រទេសវៀតណាម ត្រូវបានបិទទ្វារ ៤សាខារួចហើយ ខណៈផ្សារទំនើប Parkson នៅកម្ពុជាមិនទាន់បើកដំណើរការ។

គួរជម្រាបផងដែរថា ផ្សារទំនើបនេះ ត្រូវបានចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ ២០១២ និងធ្លាប់ប្រកាសថា បើកដំណើរការនៅឆ្នាំ២០១៥ លុះក្រោយមកទៀតប្រកាសថា នឹងបើកដំណើរការនៅដើមឆ្នាំ ២០១៧ ប៉ុន្ដែ គិតមកដល់ឆ្នាំ ២០១៩នេះទៅហើយ ផ្សារទំនើប Parkson នេះ នៅមិនទាន់បានបើកដំណើរការនៅឡើយទេ។ 

ប្រភព : Bee