ភ្នំពេញ៖ ឆ្នាំ២០១៩នេះ អ្នកជំនាញវិស័យអចលនទ្រព្យបានអះអាងថា វត្តមានថ្មីចំនួនអាផាតម៉ិន នឹនៅតែបន្តកើនឡើងជាបន្តបន្ទាប់ទៀត ដែលយ៉ាងហោចណាស់នៅត្រឹមដំណាច់ឆ្នាំនេះ អាចកើនឡើងដល់ប្រមាណជិត ៣,០០០យូនីត។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៨ មិនាកន្លងមកថា នៅត្រឹមដំណាច់ឆ្នាំ២០១៨កន្លងទៅនេះ ចំនួនអាផាតមិនដែលបានដាក់បម្រើសេវាកម្មស្នាក់នៅ នៅលើទីផ្សារមានចំនួនត្រឹមតែ២,០៤៣យូនីត ដែលក្នុងនោះអាផាតម៉ិនកម្រិត A មានចំនួន១,១៣៥ យូនីត ហើយប្រភេទB មានចំនួនត្រឹម៩០៨ យូនីតតែប៉ុណ្ណោះ ។ អ្នកនាងបន្តថា ដោយសារតែភាពល្អប្រសើរ នៃវិស័យអចលនទ្រព្យនៅកម្ពុជានៅតែបន្តឥតឈប់ឈរ ហើយមនុស្សភាគច្រើនបានងាកមកចាប់អារម្មណ៍ ជាមួយនឹងរបត់ជីវិតថ្មីបែបទាន់សម័យដោយការស្នាក់នៅក្នុងអាគារបែបទំនើបខ្ពស់ៗ ប្រកបដោយផាសុកភាព និងមានប្រព័ន្ធសុវត្ថិភាពល្អ ជាពិសេសលំហូរនៃចំនួនភ្ញៀវបរទេស ចម្រុះជាតិសាសន៍នៅតែសម្រុកចូលមកវិនិយោគ នៅកម្ពុជា ព្រមជាមួយកំនើននៃអ្នកបំរើការងារមកពីក្រុមហ៊ុនបរទេសផងនោះ បានជំរុញឱ្យតម្រូវការនៃការផ្គត់ផ្គង់កើនឡើងខ្ពស់។
នកនាងបន្តថា “ទីផ្សារអាផាតមិនគឺមិនអ្វីដែលជាគួរឱ្យបារម្ភនោះទេ ផ្ទុយទៅវិញវាបានបង្ហាញពីភាពវិជ្ជមានយ៉ាងល្អ ដែលចំនួននៃការផ្គត់ផ្គង់មានការកើនឡើង ហើយតម្លៃនៃការជួលក៏មានការកើនឡើងផងដែរ”។ អ្នកនាងបន្ថែមថា “តម្លៃនៃការជួលស្នាក់នៅសំរាប់អាផាតម៉ិនកម្រិតA អាចមានតម្លៃប្រមាណ២៥ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយម៉ែត្រការ៉េ ហើយចំពោះប្រភេទB វិញអាចមានតម្លៃប្រមាណ១៨ដុល្លារសហរដ្ឋអាមេរិកក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃខុសគ្នាតិចតួចនេះ អាស្រ័យទៅលើទីតាំងរបស់អាផាតមិន ទំហំនៃយូនីតនីមួយៗ ក៏ដូចជាបរិក្ខាប្រើប្រាស់ប្រចាំថ្ងៃនានាផងដែរ » ។
ជាមួយគ្នានេះ អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century 21 Cambodia ក៏បានទទួលស្គាល់ពីភាពល្អប្រសើរ នៃវិស័យអាផាតមិននៅកម្ពុជាផងដែរ ដោយអ្នកនាងបានលើកឡើងថា ទីផ្សារអាផាតមិនបច្ចុប្បន្ននេះ មានភាពល្អប្រសើរជាងឆ្នាំចាស់ ដែលសូម្បីតែតម្លៃនៃការជួលក៏ទទួលបានល្អដែរ។ ហេតុផលដែលធ្វើឱ្យទីផ្សារអាផាតមិនមានការផុលផុសខ្លាំង ក៏ព្រោះតែតម្រូវការនៃការស្នាក់នៅមានការកើនឡើង ដែលក្នុងនោះភាគច្រើន ជាជនជាតិបរទេសប្រមាណជាង ៩០ភាគរយ ដូចជាការលំហូរចូលនៃវត្តមានវិយោគិនក្រៅស្រុក បុគ្គលិកដែលបម្រើការងារក្រុមហ៊ុនបរទេស ក៏ដូចជាបុគ្គលិកដែលបម្រើការងារនៅតាមបណ្តាអង្គការនានាជាដើម។

អ្នកនាងបន្ថែមថា “សេវាកម្មអាផាតម៉ិន បានផ្តល់ឲ្យអ្នកស្នាក់នៅទទួលបានភាពកក់ក្ដៅ ដូចជា មានសុវត្ថិភាព មានសេវាកម្ម ២៤ម៉ោង ជាពិសេសរាល់គ្រឿងបរិក្ខាប្រើប្រាស់ប្រចាំថ្ងៃគឺមានភាពទំនើប ដែលកាន់តែផ្តល់ភាពងាយស្រួលក្នុងការស្នាក់នៅ”៕
ប្រភព : www.propertyarea.asia