Register Already an agent ? Login

ហេតុអ្វីបានជា ដីធ្លីនៅច្រកព្រំដែនអាចឡើងថ្លៃបាន?


Fri, 15 Mar 2019

បច្ចុប្បន្ននេះ កម្ពុជាមានច្រកទ្វារព្រំដែនអន្តរជាតិ ចំនួន ២៤ ក្នុងនោះរួមមាន៖ ច្រកទ្វារ អាកាយាសអន្តរជាតិ ចំនួន៣ ច្រកទ្វារកំពង់ផែអន្តរជាតិចំនួន៤ ច្រកទ្វារអន្តរជាតិចំនួន ១៧ ក្នុងនោះច្រកព្រំដែនកម្ពុជា វៀតណាម មានចំនួន ១០ កម្ពុជាថៃចំនួន ៦ និងកម្ពុជាឡាវ មានចំនួន ១។

ការឡើងថ្លៃនៃអចលនទ្រព្យនៅតាមច្រកព្រំដែន មិនមែនសុខៗ អាចឡើងថ្លៃនោះទេ ប៉ុន្តែវាអាស្រ័យនៃការអភិវឌ្ឍនៃគម្រោងធំៗណាមួយ របស់វិស័យឯកជន ជាពិសេសរបស់រដ្ឋ។ ការកើនឡើងនៃគម្រោងអភិវឌ្ឍន៍នៅតំបន់ព្រំដែន បានធ្វើឲ្យតម្លៃដីធ្លីបានងើបឡើង ជាបន្តបន្ទាប់ ដែលបានជួយសេដ្ឋកិច្ចប្រជាជននៅតាមតំបន់ទាំងនោះផងដែរ។ ក្នុងនោះច្រកព្រំដែន៣ដែលកំពុងវាយលុកខ្លាំងខាងអចលនទ្រព្យ៖

១. ច្រកព្រំដែន ជ្រៃធំ

ច្រកព្រំដែនជ្រៃធំ បានក្លាយជាច្រកទ្វារព្រំដែនអន្តរជាតិ មានទីតាំងចំនួន២ កន្លែងរួមគ្នាមាន ច្រកទ្វារព្រំដែនផ្លូវគោក និងច្រកទ្វារព្រំដែនផ្លូវទឹក ក្នុងនោះគឺកំណត់យកនៅច្រកទ្វារព្រំដែនផ្លូវគោក ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ឆ្លងកាត់ស្ពានជ្រៃធំ ទល់មុខច្រកទ្វារព្រំដែនឡុងប៊ិនដោយមានទីតាំងចម្ងាយ 300ម៉ែត្រពីគល់ស្ពានជ្រៃធំ។ ចំណែកច្រកទ្វារព្រំដែនផ្លូវទឹក ស្ថិតនៅចុងផ្លូវ21ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ឆ្លងកាត់ទន្លេបាសាក់ និងព្រែកជ្រៃធំទល់មុខព្រំដែនឡុងប៊ិនប្រទេសវៀតណាមផងដែរ។

នៅច្រកនេះ មានក្រុមហ៊ុនធំមួយបានប្រកាសបង្កើតគម្រោងវិនិយោគទឹកប្រាក់៩៤,៥លានដុល្លារអាមេរិក ដើម្បីសាងសង់សណ្ឋាគារប្រណីត កម្រិតផ្កាយ៥ នៅតំបន់ជ្រៃធំក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

២. ច្រកទ្វារ ប៉ោយប៉ែត

ប៉ោយប៉ែត្រ ជាផ្នែកមួយនៃខេត្តបន្ទាយមានជ័យ និងមានផ្ទៃក្រឡា ២,៦២០,០០០ ម៉េត្រការ៉េ បែងចែកជាបីសង្កាត់ រួមមាន ៖ សង្កាត់ប៉ោយប៉ែត្រ សង្កាត់ផ្សារកណ្តាល និងសង្កាត់និមិត្ត។ ក្រុងប៉ោយប៉ែតមានប្រជាជនសរុប ជាង១៤ ម៉ឺននាក់ ក្នុងនោះជនបរទេសជិត ៥ ម៉ឺននាក់។

នាពេលបច្ចុប្បន្នទ្វារព្រំដែននេះមាន កាស៊ីណូ សណ្ឋាគារ អគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានកំពុងមានវត្តមានច្រើនឡើងដែលបានមកពីការវិនិយោគពីបរទេស ។ជាលទ្ធផល តម្លៃ អចលនទ្រព្យតាមតំបន់នីមួយៗ នៅក្នុងក្រុងប៉ោយប៉ែតបានហក់ឡើងខុសពីឆ្នាំកន្លងមក។

៣. ច្រកទ្វារ បាវិត

ទីក្រុងបាវិតមានទំហំផ្ទៃដី២០៦,៦៩គីឡូម៉ែត្រការ៉េ និងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ និងមានរោងចក្រចំនួន៥៦កំពុងដំណើរការ មានសណ្ឋាគារ និងកាស៊ីណូចំនួន១២កំពុងដំណើរការ និងមួយកំពុងសាងសង់។

នៅតំបន់នេះ វិនិយោគិនមកពីប្រទេសចិនបានបោះទុនប្រមាណជាង១,៧០០លានដុល្លារអាម៉េរិក ដើម្បីវិនិយោគលើវិស័យអចលនៈទ្រព្យនៅកម្ពុជា ដែលផ្តោតសំខាន់លើសហគ្រាស សម្ព័ន្ធមានលក្ខណៈអន្តរជាតិ និងពហុវិស័យ។

ពិសេសជាងនេះទៅទៀត ក្រុមហ៊ុន Empire World Groups Asia បានបើកដំណើរការសាកល្បងគម្រោងទី១ក្នុងការសាងសង់អាផាតមិន លើផ្ទៃដីប្រមាណ៥០ហិកតា នៃ គម្រោងមេទីក្រុងរណបប្រមាណ ៨០០ហិកតាទីនោះផងដែរ។

តាមពិតទៅប្រសិនបើ គ្រាន់តែនៅច្រកព្រំដែន វាមិនអាចធ្វើឲ្យឡើងថ្លៃប៉ុន្មាននោះទេ ប៉ុន្តែប្រសិនបើ ព្រំដែនណាមួយ មានគម្រោងធំណាមួយឆ្ពោះទៅ ប្រាកដណាស់ តម្លៃអចលនទ្រព្យនឹងឡើងថ្លៃជាក់ជាមិនខាន សេដ្ឋកិច្ចជាតិក៏រីកចម្រើន ប្រជាជនរស់នៅតាមតំបន់ទាំងនោះក៏មានជីវភាពកាន់តែធូរធារ។ 

ប្រភព : Bee