Register Already an agent ? Login

ខេត្តព្រះសីហនុកំពុងក្លាយជាតំបន់មានកេរ្តិ៍ឈ្មោះដាច់គេ ផ្នែកសំណង់ធំៗខ្ពស់ៗដាច់គេដូចពីអតីតកាល

ខេត្តព្រះសីហនុដែលមានក្រុងព្រះសីហនុជាកំពង់ផែរមណីយដ្ឋានដែលកំពុងរីកចម្រើនខ្លាំងហើយក៏ជាកំពង់ផែសមុទ្រដែលជ្រៅតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងលើវិស័យជាច្រើនជាពិសេស វិស័យសំណង់។

បើយោងតាម គេហទំព័ររដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា វិស័យសំណង់នៅក្រុងព្រះសីហនុកំពុងលូតលាស់ឈានមុខជាងគេដែលកំពុងឆ្ពោះទៅរកកេរ្តិ៍ឈ្មោះដាច់គេផ្នែកនគររូបនីយកម្ម ដែលមានសំណង់ធំខ្ពស់ជាងគេដូចពីអតីត។

នាអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ក្រុងព្រះសីហនុមានភាពល្បីល្បាញខ្លាំងជាងគេទូទាំងតំបន់ បន្ទាប់ពីក្រុងព្រះសីហនុបានស្ថាបនាសណ្ឋគារឯករាជ្យ មានកម្ពស់៧ជាន់ រួចរាល់នៅក្នុងឆ្នាំ១៩៦៤-១៩៦៥ ហើយកិត្តិនាមរបស់សណ្ឋាគារនេះក៏បានទទួលឥស្សរជនអន្តរជាតិល្បីៗជាច្រើនរូប រួមទាំងអតីតលោកជំទាវភរិយារបស់ប្រធានាធិបតី ចន អែហ្វ កេនឌី (John F. Kenedy) របស់សហរដ្ឋអាមេរិក ផងដែរ។

ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងព្រះសីហនុ កំពុងមានសកម្មភាពសាងសង់សំណង់តូចធំយ៉ាងច្រើន ដែលតួលេខគម្រោងសំណង់ធំលើសពី ៣០០០ម៉ែត្រការ៉េឡើង មានចំនួន ៧០គម្រោង ក្នុងចំនួនជាង ៣០០គម្រោង កំពុងដំណើរការសាងសង់យ៉ាងសកម្ម ក្នុងនោះក៏មានសំណង់អគារខ្ពស់ជាងគេកម្ពស់ ៤០ជាន់ មានចំនួនច្រើនគម្រោង កំពុងរីកលូតលាស់គួរឲ្យចាប់អារម្មណ៍ផងដែរ។

កាលពីឆ្នាំ២០០៥-២០១៥ ខេត្តនេះមានគម្រោងអគារខ្ពស់ៗចាប់ពី ៥ជាន់ រហូតដល់ ៣៥ជាន់ មានតែ ៤៦គម្រោងប៉ុណ្ណោះ ខណៈដែលឆ្នាំ២០១៨តែឯង មានគម្រោងអគារធំ និងកម្ពស់ចាប់ពី ៥ជាន់ដល់ ៤០ជាន់ រហូតដល់ ៥៨គម្រោង។

ជាការពិតណាស់សម្រាប់ខេត្តព្រះសីហនុដែលជាភូមិសាស្រ្តមានលក្ខណៈអំណោយផលពីធម្មជាតិល្អព្រមគ្នា ដូចជាមានឆ្នេរខ្សាច់ពណ៌ពងមាន់ សម្បូរដោយកោះតូច-ធំ មានជួរភ្នំសម្បូរដោយព្រៃធម្មជាតិស្រស់ត្រកាលគ្រប់រដូវរហូតរដ្ឋាបាលសម័យមុននិងបច្ចុប្បន្នយកធ្វើជាឧទ្យានជាតិ។

សូមបញ្ជាក់ផងដែរថា រាប់ចាប់ពីចុងឆ្នាំ១៩៧០ ថយទៅក្រោយសំណង់ធំខ្ពស់ជាងគេនៅតាមបណ្តារឆ្នេរសមុទ្រនៃប្រទេសទាំង៣ គឺ ប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសថៃ មានតែសណ្ឋាគារឯករាជ្យ ដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិថាជាសំណង់ធំស្កឹមស្កៃ និងខ្ពស់ ដាច់គេនៅក្នុងតំបន់។

ប្រភព : Bee