Register Already an agent ? Login

អាគារការិយាល័យចំនួន១៣គំរោងនឹងបញ្ចប់នៅឆ្នាំនេះដែលទាញអត្រាប្រើប្រាស់ សរុបធ្លាក់ចុះ

ភ្នំពេញ៖​ ទំហំការិយាល័យកាន់តែកើនឡើងនៅឆ្នាំនេះ ដោយសារចំនួនអាគារការិ​យាល័យចំនួន១៣នឹងបញ្ចប់នៅឆ្នាំនេះ ដែលនឹងទាញទម្លាក់អត្រាប្រើប្រាស់រួមនាពេលអនាគត។

យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodiaដែលទើបបង្ហាញកាលពីសប្តាហ៍មុនបានឲ្យដឹងថា គំរោងអាគារការិយាល័យ១៣នឹងបញ្ចប់នៅឆ្នាំនេះ ក្នុងនោះកា​រិយាល័យបែបសហកម្មសិទ្ឋមានចំនួន៤ និងគំរោងចំនួន៩ជាគំរោងដែលមានម្ចាស់តែមួយ ដែលធ្វើឲ្យការផ្គត់ផ្គង់កើនឡើងដល់១៨ភាគរយ និងធ្វើឲ្យទំហំផ្ទៃក្រឡាការិយា​ល័យសរុបនៅទីក្រុងភ្នំពេញ នឹងកើនដល់ជិតដល់៤០ម៉ឺនម៉ែត្រការ៉េ។

​អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១៥ កុម្ភៈកន្លងមកថា “កំនើននៃការផ្គត់ផ្គង់អាគារ​ការិយាល័យនេះ នឹងទាញអត្រាប្រើប្រាស់រួមធ្លាក់ចុះ ដែលអត្រាគ្របដណ្តប់បច្ចុប្បន្នមានជាង៨០ភាគរយ ប៉ុន្តែបន្ទាប់ពីគម្រោង១៣ដាក់ឲ្យដំណើរការ អត្រាប្រើប្រាស់រួមនឹងធ្លាក់ចុះមកនៅត្រឹម៧៨,៥ភាគរយ”។

​ទីផ្សារការិយាល័យនៅកម្ពុជាមានប្រជាប្រិយភាពជាងគេ ជាប្រភេទការិយាល័យលំដាប់B, និងCដោយសារវាមានតម្លៃសមរម្យ និងជាគោលដៅជួលរបស់ក្រុមហ៊ុនថ្មីៗ និងក្រុមហ៊ុនមានខ្នាតមធ្យម។

​តម្លៃការិយាល័យនៅកម្ពុជា សម្រាប់ការិយាល័យលំដាប់Aមានតម្លៃចន្លោះ១៨ ទៅ៣៦ដុល្លារ អាគារការិយាល័យប្រភេទBមានតម្លៃចន្លោះ១៧ មកត្រឹម១២ដុល្លារ និងតម្លៃចាប់ពី១២ដុល្លារក្នុង១ម៉ែត្រការ៉េចុះជាអាគារការិយាល័យប្រភេទC៕

ប្រភព : www.propertyarea.asia