Register Already an agent ? Login

កំ​ណេី​នក្រុ​មហ៊ុន​អចលនទ្រព្យ​បាន​ជួយ​អ្វីខ្លះ​ដល់​វិស័យ​នេះ​


Mon, 11 Feb 2019

​ភ្នំពេញ​ ​៖​ ​ជាមួយនឹង​ស្ថានភាព​នៃ​ការ​ពុះកញ្ជ្រោល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ​គេ​សង្កេតឃើញ​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​បាន​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ​មួយ​នេះ​ ​ដែល​ក្នុង​នោះ​មាន​ទាំង​ក្រុមហ៊ុន​បម្រើសេវា​ក្នុងនាម​ជា​ភ្នាក់ងារ​ ​ក៏ដូចជា​ក្រុមហ៊ុន​អភិវឌ្ឍ​ជាដើម​ ​។​ ​ចង់​ដឹង​ទេ​ថា​ ​តើមាន​មូលហេតុ​អ្វី​ដែល​បណ្តាល​ឱ្យ​មានការ​កើនឡើង​នូវ​ចំនួន​ក្រុមហ៊ុន​ទាំងនេះ​ ​ហើយ​ការ​បង្ហាញ​វត្តមាន​ក្រុមហ៊ុន​អចលនទ្រព្យ​កាន់តែ​ច្រើន​អាច​នឹង​មាន​អ្វី​កើតឡើង​ ​ឬទេ​ ​?​

​លោក​ឧកញ៉ា​ ​នួន​ ​រឹ​ទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​ ​KFA​ ​(​Khmer​ ​Foundation​ ​Appraisal​)​ ​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា​ ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើតមាន​ក្រុមហ៊ុន​អចលនទ្រព្យ​ច្រើន​នៅ​កម្ពុជា​ ​ក៏​ព្រោះតែ​ប្រទេស​មួយ​នេះ​កំពុងតែ​មាន​ភាពល្អ​ប្រសើរ​លើ​វិស័យ​អចលនទ្រព្យ​ ​ដែល​តម្រូវការ​មាន​អត្រា​ខ្ពស់​ជាង​ការ​ផ្គត់ផ្គង់​។​ ​ប៉ុន្តែ​ ​ជាមួយនឹង​ការ​កើតមាន​ក្រុមហ៊ុន​អចលនទ្រព្យ​ច្រើន​នេះ​ ​ក៏​មាន​ក្រុមហ៊ុន​ដួល​រលំ​ទៅវិញ​ច្រើន​ផង​ដែរ​។​ ​

លោក​ឧកញ៉ា​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ​៖​ ​«​បច្ចុប្បន្នេះ​ចំពោះ​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​កម្ពុជា​ ​គឺ​មាន​ប្រមាណ​ជាង​ ​200​ ​ក្រុមហ៊ុន​ ​ដែល​កំពុង​ដំណើរការ​ ​ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​មាន​ក្រុមហ៊ុន​ខ្លះ​ជា​ក្រុមហ៊ុន​ស្របច្បាប់​ដែល​មានការ​ចុះបញ្ជី​នៅ​ក្រសួង​ពាក់ព័ន្ធ​ ​និង​មាន​អា​ជ្ញា​រប័​ណ្ណ​ត្រឹមត្រូវ​ ​ដោយឡែក​ក្រុមហ៊ុន​ខ្លះទៀត​មិនបាន​ចុះបញ្ជី​នោះ​ទេ​ ​ហើយ​ភាគច្រើន​គឺ​បង្កើត​ឡើង​គ្រាន់តែ​ជា​ភ្នាក់ងារ​បម្រើសេវា​កម្ម​ដើម្បី​ទទួល​បាន​កម្រៃ​ជើង​សារ​តែប៉ុណ្ណោះ​»​ ​។​ ​

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ​៖​ ​«​បើ​ទោះជា​នៅពេល​បច្ចុប្បន្ន​នេះ​ ​ឃើញ​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​កកើត​មាន​ច្រើន​ក៏​ពិតមែន​ ​ប៉ុន្តែ​បើ​និយាយ​ពី​ក្រុមហ៊ុន​ដែល​មាន​ជំនាញ​ខ្ពស់​ ​និង​ពិតប្រាកដ​នៅ​មាន​ចំនួន​តិច​នៅឡើយ​ ​ដោយឡែក​ក្រុមហ៊ុន​ផ្សេងទៀត​គ្រាន់តែ​ជា​អ្នក​គួ​ក​ជេរ​តែប៉ុណ្ណោះ​ ​ដែល​រហូត​ក្រុមហ៊ុន​ខ្លះ​មាន​ចំនួន​សមាជិក​ត្រឹម​ម្នាក់​ ​ឬ​ពីរ​នាក់​ ​ក៏​ជា​ក្រុមហ៊ុន​ដែរ​ ​ដែល​ចំណុច​នេះ​អាច​ជា​ហានិភ័យ​ដល់​អតិថិជន​។​ ​

បើសិនជា​យើង​សំឡឹង​មើលក្នុង​ន័យ​វិជ្ជមាន​ ​នៅពេល​ដែល​កើតមាន​ក្រុមហ៊ុន​អចលនទ្រព្យ​ច្រើន​ ​វា​គឺជា​សញ្ញា​មួយ​ដែល​បង្ហាញ​ពី​ភាព​រីកចម្រើន​ខាង​ផ្នែក​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ​ហើយ​វា​ក៏បាន​ផ្តល់​នូវ​ភាពល្អ​ប្រសើរ​ផង​ដែរ​ចំពោះ​សង្គមជាតិ​ ​ប្រទេសជាតិ​ ​តាមរយៈ​នៃ​ការ​បង់ពន្ធ​ទៅលើ​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​ ​ជាពិសេស​ ​អតិថិជន​ ​នឹង​ទទួល​បាន​សេវា​ប្រកបដោយ​គុណភាព​ជាមួយ​តម្លៃ​សមរម្យ​ ​តាមរយៈ​នៃ​ការប្រកួត​ប្រជែង​រវាង​ក្រុមហ៊ុន​ ​និង​ក្រុមហ៊ុន​ ​ដើម្បី​ទទួល​បាន​នូវ​ទំនុកចិត្ត​សំណាក់​អតិថិជន​របស់​ខ្លួន​»​។​ ​

​ជាមួយគ្នា​នេះ​ ​លោក​ឧកញ៉ា​ ​នួន​ ​រឹ​ទ្ធី​ ​ក៏បាន​បង្ហើប​ពី​គន្លឹះ​សំ​ខាន់​ៗ​មួយចំនួន​ចំពោះ​ក្រុមហ៊ុន​ដែល​ទើប​បង្កើត​ឡើង​ថ្មី​ៗ​ផង​ដែរ​ថា​ ​៖​ ​«​ជា​ធម្មតា​សម្រាប់​ក្រុមហ៊ុន​ដែល​ទើបតែ​បង្កើត​ឡើង​ថ្មី​ៗ​ហាក់​មានការ​ពិបាក​ក្នុង​ការ​ចាប់​យក​ ​ឬ​ទទួល​បាន​ទំនុកចិត្ត​ពីអ​តិថិ​ជន​ ​ជាពិសេស​ពិបាក​ក្នុង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​យូរឆ្នាំ​ ​ពោរពេញ​ទៅ​ដោយបទ​ពិសោធន៍​ ​និង​មាន​កេរ្តិ៍ឈ្មោះ​រួច​ទៅ​ហើយ​។​

​ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​ ​គឺ​ក្រៅពី​ដើម​ទុកបម្រុង​ ​ក្រុមហ៊ុន​ថ្មី​ត្រូវតែ​មាន​គោលដៅ​ច្បាស់លាស់​ ​មាន​បុគ្គលិក​ជំនាញ​ពិតប្រាកដ​ ​ត្រូវ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ​ ​ជាពិសេស​ ​គួរតែ​រៀបចំ​នូវ​យុទ្ធសាស្ត្រ​ប្រតិបត្តិ​ការ​ក្រុមហ៊ុន​ឱ្យ​ចំ​គោលដៅ​ ​ដើម្បី​ទទួល​បាន​ចំណែក​ទីផ្សារ​ជាមួយនឹង​ការ​ទទួល​បាន​ទំនុកចិត្ត​ពីអ​តិថិ​ជន​ ​»​៕​

ប្រភព : www.propertyarea.asia