Register Already an agent ? Login

ចំណេះដឹង​!​ ​ដូចម្តេច​ដែល​ហៅថា​អាករ​លើ​តម្លៃបន្ថែម​?​


Sat, 09 Feb 2019

​ភ្នំពេញ​៖​ ​យោង​តាមច្បាប់​ស្តី​ពី​ពន្ធដារ​របស់​កម្ពុជា​បាន​ឲ្យដឹង​ថា​ ​អាករ​លើ​តម្លៃបន្ថែម​ ​គឺជា​អាករ​កំណត់​ទៅលើ​ការ​ចំណាយ​ទិញ​របស់​អ្នកប្រើ​ប្រាស់​។​ ​អាករ​នេះ​ត្រូវ​ប្រមូល​ពី​ការ​ប្រកប​អាជីវកម្ម​ ​និង​ការនាំចូល​។​

​ការ​ប្រកប​អាជីវកម្ម​ភាគច្រើន​ ​ទាក់ទិន​ទៅ​និង​ការ​ផ្គត់ផ្គង់​ទំនិញ​ឬ​សេវា​។​ការ​ប្រកប​អាជីវកម្ម​ទាំងនោះ​ ​ត្រូវ​ជាប់​អាករ​លើ​តម្លៃបន្ថែម​ ​ប្រសិនបើ​ការ​ផ្គត់ផ្គង់​បាន​ធ្វើឡើង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ធ្វើឡើង​ដោយ​បុគ្គល​ជាប់​អាករ​ ​និង​ធ្វើឡើង​ក្នុង​ដំណាក់កាល​ប្រកប​អាជីវកម្ម​ឬ​ដំណាក់កាល​ពង្រីក​អាជីវកម្ម​។​

ច្បាប់​នេះ​ ​គ្មាន​ការ​បញ្ជាក់​ច្បាស់លាស់​ថា​ ​មិន​ជាប់​អាករ​ឬ​ជាប់​អាករ​តាម​អត្រា០​%​ ​ការ​ផ្គត់ផ្គង់​ ​ធ្វើឡើង​ដោយ​បុគ្គល​ជាប់​អាករ​ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​មិនមែន​ ​ជា​ការ​ផ្គត់ផ្គង់​មិន​ ​ជាប់​អាករ​ហៅថា​ការ​ផ្គត់ផ្គង់​ជាប់​អាករ​។​

បុគ្គល​ជាប់​អាករ​ ​គឺជា​រូប​វ័ន្ត​បុគ្គល​ ​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ ​ក្រុមហ៊ុន​មហាជន​ឬបុគ្គល​ណាមួយ​ ​ដែល​មានផល​របរ​បាន​មក​ពី​ការ​ផ្គត់ផ្គង់​ជាប់​អាករ​ ​លើស​ពី​កំរិត​អប្បបរមា​នៃ​ផលរបរ​ត្រូវ​ចុះបញ្ជី​ ​ត្រូវ​ទៅចុះ​បញ្ជី​អាករ​លើ​តម្លៃបន្ថែម​។​ ​

​ការ​ផ្គត់ផ្គង់​ត្រូវ​នៅ​ក្រៅ​ដែន​អនុវត្តន៍​អាករ​លើ​តម្លៃបន្ថែម​ ​ប្រសិនបើ​ការ​ផ្គត់ផ្គង់​នោះ​ ​ធ្វើឡើង​ដោយ​បុគ្គល​ដែល​មិនមែន​ជា​បុគ្គល​ជាប់​អាករ​ ​ឬមិន​ធ្វើឡើង​ក្នុង​ដំណាក់កាល​ប្រកប​អាជីវកម្ម​ ​ឬ​ដំណាក់កាល​ពង្រីក​អាជីវកម្ម​៕​

ប្រភព : www.propertyarea.asia