Register Already an agent ? Login

សារ​ព្រមាន​៖​ ​ការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​គឺ​ខុសច្បាប់​


Fri, 08 Feb 2019

សៀមរាប​៖​ ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​ ​បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា​ការ​ការទិញ​-​លក់​ដីធ្លី​ដូរ​ដីធ្លី​ក្នុង​តំបន់១​ ​និង​តំបន់២​ ​នៃ​រមណីយដ្ឋាន​អង្គរ​ ​គឺ​ខុសច្បាប់​។​

​​ក្រសួង​បញ្ជាក់​ថា​ ​ថ្មី​ៗ​ ​នេះ​ ​អាជ្ញាធរ​ជាតិ​អប្សរា​សង្កេតឃើញ​ថា​ ​ការប្រកាស​លក់ដូរ​ដីធ្លី​ក្នុង​តំបន់១​ ​និង​តំបន់២នៃ​រមណីយដ្ឋាន​អង្គរ​ ​កំពុងតែ​បាន​ប្រព្រឹត្តទៅ​យ៉ាងសកម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម​ ​ដែល​ការប្រកាស​លក់ដូរ​ដីធ្លី​នេះ​ផ្ទុយ​នឹង​ច្បាប់​ដូច​មាន​ចែង​ក្នុង​ព្រះរាជ​ក្រឹត្យ​លេខ០០១​ ​ន.ស​ ​ចុះ​ថ្ងៃទី២៨​ ​ខែឧសភា​ ​ឆ្នាំ១៩៩៤​ ​ស្តី​ពី​ការកំណត់​ ​និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ​ ​និង​សេចក្តី​សម្រេច​លេខ៧០​ ​សសរ​ ​ចុះ​ថ្ងៃទី១៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០០៤​ ​របស់​រាជរដ្ឋាភិបាល​ ​ស្តី​ពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើ​ប្រាស់​ដីធ្លី​នៅ​តំបន់១​ ​និង​តំបន់២​។​ ​

​ក្រសួង​បន្ត​ថា​ ​ដើម្បី​ទប់ស្កាត់​សកម្មភាព​ផ្ទុយពី​គោលការណ៍​ច្បាប់​ក្នុង​កិច្ចការ​អភិរក្ស​ ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព​ ​ព្រមទាំង​បញ្ចៀស​ការខូចខាត​ផលប្រយោជន៍​របស់​សាធារណជន​ដែល​កើតឡើង​ពី​ការ​បោកបញ្ឆោត​របស់​បុគ្គល​មួយចំនួន​អំពី​ការទិញ​-​លក់​ដីធ្លី​ ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​ ​ឃុំ​-​សង្កាត់​នៃ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​ ​ដំឡើង​ផ្ទាំង​ព័ត៌មាន​ហាម​ទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​ភូមិសាស្ត្រ​រដ្ឋបាល​ក្រុង​សៀមរាប​ដូចជា​ ​ភូមិ​អញ្ចាញ​ ​ភូមិ​អារក្ស​ស្វាយ​ ​សង្កាត់​នគរធំ​ ​ចំនួន៣ផ្ទាំង​ ​ភូមិ​ខ្វៀន​ ​សង្កាត់​គោកចក​ ​ចំនួន១ផ្ទាំង​ ​ភូមិ​ជ្រៃ​ ​សង្កាត់​ទឹកវិល​ ​ចំនួន១ផ្ទាំង​ ​ភូមិ​ថ្នល់​ ​សង្កាត់​ស្រង៉ែ​ ​ចំនួន១ផ្ទាំង​។​ ​

ក្រៅពី​ទីតាំង​ដូច​រៀបរាប់​ខាងលើ​ ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ដំឡើង​ផ្ទាំង​ព័ត៌មាន​នេះ​នៅ​តាម​ទីតាំង​ភូមិសាស្ត្រ​មួយចំនួន​ទៀត​ដែល​សកម្មភាព​ទិញ​-​លក់​ដីធ្លី​កំពុងតែ​កើតឡើង​។​

ក្រសួង​បន្ត​ថា​ ​“​ក្នុងនាម​យើង​ទាំងអស់គ្នា​ជា​ម្ចាស់​អង្គរ​ ​ជា​ម្ចាស់​បេតិកភណ្ឌ​ពិភពលោក​ ​និង​អង្គរ​ជា​ដួង​ព្រលឹង​ជាតិខ្មែរ​ ​អាជ្ញាធរ​ជាតិ​អប្សរា​សូម​ធ្វើការ​អំពាវនាវ​ដល់​បុគ្គល​ដែល​កំពុងតែ​ប្រព្រឹត្ត​សកម្មភាព​ទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ​សូម​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​អវិជ្ជមាន​របស់​ខ្លួន​ ​និង​សូមឲ្យ​យើង​ម្នា​ក់ៗ​ចូលរួម​បំពេញ​តួនាទី​ជា​អ្នក​ទប់ស្កាត់​ ​ថែរក្សា​ ​ការពារ​ ​និង​អនុវត្ត​ច្បាប់​យ៉ាង​ដាច់ខាត​ចំពោះ​ការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​”​។​ ​

ក្នុង​ជំពូក១​ ​មាត្រា៣​ ​និង​មាត្រា៤នៃ​ព្រះរាជ​ក្រឹត្យ​ខាងលើ​បញ្ជាក់​ថា​ ​តំបន់១ជា​តំបន់​ដែល​មាន​ស្ថានីយ៍​បុរាណវត្ថុ​សំ​ខាន់​ៗ​ហើយ​ត្រូវ​ទទួល​កិច្ចការពារ​ខ្ពស់​បំផុត​។​ ​តំបន់២ជា​តំបន់​ដែល​សម្បូរ​សំណល់​បុរាណ​វត្ថុ ​ដែល​ត្រូវការ​ពារ​ទប់ទល់​នឹង​ការប្រើ​ប្រាស់​ដីធ្លី​ផ្តេសផ្តាស​និង​ការ​អភិវឌ្ឍ​មិន​សមស្រប​។​ ​តំបន់២មាន​សារៈសំខាន់​ចម្បង​ដោយសារ​ជា​តំបន់ទ្រនាប់​សម្រាប់​ការពារ​តំបន់១​។​ ​រី​ឯ​ក្នុង​ជំពូក២​ ​មាត្រា៨បញ្ជាក់​ថា​ ​ទិសដៅ​សំរាប់​តំបន់​ត្រូវការ​ពារ​នៃ​រមណីយដ្ឋាន​អង្គរ​ ​ត្រូវ​ប្រកាន់​ទិសដៅ​អភិវឌ្ឍន៍​ដូចតទៅ​៖​ ​តំបន់១និង​តំបន់២​ ​ហាមឃាត់​ការ​អភិវឌ្ឍ​ក្នុង​រមណីយដ្ឋាន​មាន​ប្រាសាទ​ ​លើកលែងតែ​ការ​អភិវឌ្ឍ​ណា​ដែល​មាន​សារប្រយោជន៍​សម្រាប់​កិច្ចការពារ​ ​និង​ការ​លើកស្ទួយ​តម្លៃ​រមណីយដ្ឋាន​ឬ​បុរាណវត្ថុ​នោះ​ ​ឬ​សម្រាប់​ការ​ថែរក្សា​របៀបរស់នៅ​របស់​មនុស្ស​នៅ​តំបន់​នោះ​។​

​​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ចេញ​សេចក្តី​សម្រេច​លេខ៧០​.​សសរ​ ​ដោយ​កំណត់​ដីធ្លី​ស្ថិត​ក្នុង​តំបន់១និង​តំបន់២នៃ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ជា​ដី​ទ្រព្យ​សាធារណ​របស់​រដ្ឋ​ ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ភារកិច្ច​ ​កាតព្វកិច្ច​ត្រូវ​គ្រប់គ្រង​ ​ថែរក្សា​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​ ​រី​ឯ​ការប្រើ​ប្រាស់​ដីធ្លី​ក្នុង​តំបន់១និង​តំបន់២ត្រូវ​បាន​កំណត់​ដូចតទៅ​៖​ ​១​)​ ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋាន​និង​រស់នៅ​យូរលង់​មក​ហើយ​ ​អាច​បន្ត​រស់នៅ​តទៅទៀត​បាន​ដោយ​មិន​មានការ​ដេញ​ឲ្យ​ចាកចេញ​ពី​ភូមិដ្ឋាន​ឡើយ​ ​២​)​ ​ប្រជាពលរដ្ឋ​អាច​រុះរើ​ជួស​ជុល​ផ្ទួះ​ចាស់​ទ្រុឌទ្រោម​ ​ឬ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន​ដោយមាន​ការ​សុំ​អនុញ្ញាត​ពី​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​៣​)​ ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រង​និង​ចាត់ចែង​ដីធ្លី​តាម​រូបភាព​ដូចជា​ ​ផ្ទេរមរតក​ទៅ​ឲ្យ​ញាតិសន្តាន​ពី​ឪពុក​ម្តាយ​ទៅ​កូនក្មួយ​ ​ឬ​លក់ដូរ​ឲ្យ​អ្នកភូមិ​ផង​ជាមួយគ្នា​ដើម្បី​ដោះស្រាយ​ជីវភាព​ ​ប៉ុន្តែ​ហាមឃាត់​លើស​កម្ម​ភាព​ទិញ​-​លក់​ដី​របស់​ឈ្មួញ​ ​ក្នុង​គោលដៅ​ធ្វើអាជីវកម្ម​យកចំណេញ​សម្រាប់​ក្រុមហ៊ុន​ឬបុគ្គល​ ​ឬ​ការទិញ​-​លក់​សម្រាប់​យក​ទៅ​សាងសង់​សណ្ឋាគារ​ ​ភោជនីយដ្ឋាន​ ​ខារ៉ាអូខេ​ ​ជាដើម​។​ល​។​ ​

សូម​ធ្វើការ​ទំនាក់ទំនង​មកកាន់​អាជ្ញាធរ​ជាតិ​អប្សរា​ ​នូវ​រាល់​ចម្ងល់​ទាំងឡាយ​ណា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​តាម​លេខទូរសព្ទ​ ​០៩២​ ​៨៩​ ​៩៩​ ​៦៦​ ​ឬ​តាម​លេខទូរសព្ទ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ដែល​បាន​ប្រកាស​តាម​គេហទំព័រ​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​៕​

ប្រភព : www.propertyarea.asia