ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យបានអះអាងថា ទីផ្សារអាផាយតម៉ិននៅតំបន់បឹងកេងកង១ នៅតែមានភាពពេញនិយម ក្នុងចំណោមតំបន់នានានៅក្នុងរាជធានីភ្នំពេញដែលធ្វើឱ្យអត្រាជួលបានគ្របដណ្តប់ដល់ជាង ៩០ភាគរយ។
លោក Ken Lo អគ្គនាយកក្រុមហ៊ុន Century 21 Imperial Realty Co, Ltd បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩ នេះថា អាផាតមិនប្រភេទ A និង B ត្រូវបានជួលឱ្យអតិជនអស់ស្ទើរតែ ១០០ភាគរយ ដែលភាគច្រើនជួលទៅឱ្យអ្នកជំនួញគ្រប់ជាតិសាសន៍ តែក្នុងចំណោមនោះ ឃើញមានការជួលពីអ្នកជំនួញជនជាតិចិនច្រើនជាងគេ បន្ទាប់មកកូរ៉េ ជប៉ុន និងអឺរ៉ុបជាដើម។
លោកបន្តថា “ពួកគេពេញនិយមនៃការជួលអាផាតម៉ិន ប្រភេទទាំងពីរនេះច្រើនជាងគេ ដោយសារមានការបំពាក់បរិក្ខាទំនើបនៅក្នុងបន្ទប់ ក្នុងចំណោមអាផាតមិន ប្រភេទផ្សេងទៀត។
លោកបន្តថា “លក្ខខ័ណ្ឌទីតាំងតំបន់នេះក៏មានភាពអំណោយផល ដោយវាស្ថិតនៅចំកណ្តាលក្រុង ដែលផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការធ្វើដំណើរទៅវិញទៅមក ជាពិសេសនៅក្នុងតំបន់នេះ មិនមានការរណីឆក់ ឬប្លន់នោះទេ មានផ្សារទំនើប ម៉ាត ហាងម៉ាក់ល្បីៗ សាលារៀន និង ភោជនីយដ្ឋានគ្រប់ប្រភេទទាំងកូរ៉េ ចិន ខ្មែរ អាមេរិក និងអឺរ៉ុបជាដើមដោយមិនចំណាយពេលទៅណាឆ្ងាយនោះទេ។
លោកបញ្ជាក់ថា តម្លៃនៃការជួលអាផាមិនប្រភេ A ចន្លោះពី១០០០ ទៅ ១៣០០ដុល្លារអាមេរិក និងប្រភេទ B មានតម្លៃចន្លោះ ៨០០ ទៅ ១១០០ដុល្លារអាមេរិក ក្នុងមួយខែសម្រាប់មួយយូនីត និងបន្ទប់គេង១ ។
លោកបញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលរស់នៅ និងអ្នកមានអាផាតជួលនៅក្នុងតំបន់នេះ មានជីវភាពធូធាខ្លាំងណាស់ដោយទទួលបានចំណូលពីការជួល ក៏ដូចជាប្រកបមុខរបរផ្សេង។
លោក Ken Lo បានបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃជួលអាផាតមិននៅក្នុងតំបន់បឹងកេងកង១នេះមិនមានអ្វីប្រែលខ្លាំងនោះទេ តែសម្រាប់អាផាតមិនដែលទើបសាងសង់រួចអាចមានកើនឡើងខ្លះ និងបានដាក់ជួលប្រហែល៥គំរោងកាលពីដំណាច់ឆ្នាំមុន៕
ប្រភព : www.propertyarea.asia