Register Already an agent ? Login

អភិបាលខេត្តព្រះសីហនុជម្រុញឲ្យក្រុមហ៊ុនវិនិយោគនៅកោះរ៉ុងសន្លឹមរៀបចំ អាងចម្រោះទឹកកខ្វក់​

​ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោកយន្ត មីនបានជំរុញឲ្យម្ចាស់ទីតាំងអាជីវកម្មទេសចរណ៍ទាំងអស់ ដែលកំពុងធ្វើប្រតិបត្តិការនៅតាមតំបន់ឆ្នេរកោះរ៉ុងសន្លឹម ត្រូវរៀបចំឲ្យមានអាងចម្រោះទឹកកខ្វក់ ឲ្យបានត្រឹមត្រូវជៀសវាងការបង្ហូរទឺកសំអុយចូលសមុទ្រនាំឲ្យប៉ះពាល់ដល់បរិស្ថាននិងសម្រស់ឆ្នេរខ្សាច់។

ក្នុងឳកាស​ព្រឹកទី១៤ ខែ មករា ឆ្នាំ២០១៩កន្លងមកនេះ អភិបាលខេត្តព្រះសីហនុ លោកយន្ត មីន បានដឹកនាំមន្ត្រីក្រោមឱវាទមួយចំនួន ធ្វើដំណើរទៅពិនិត្យមើលស្ថានភាពនៃការអភិវឌ្ឍនៅដែនកោះរ៉ុង។ គោលបំណងសំខាន់ នៃដំណើរចុះទៅកោះរ៉ុងនេះ ដើម្បីត្រួតពិនិត្យមើលស្ថានភាពជាក់ស្ដែង និងវឌ្ឍនភាពនៃដំណើរការអភិវឌ្ឍរបស់ក្រុមហ៊ុនទាំងឡាយនៅលើដែនដីកោះរ៉ុង បន្ទាប់ពីបានទទួលសិទ្ធវិនិយោគពីរាជរដ្ឋាភិបាល។

លោកបន្តថា “បញ្ហាទឹកកខ្វក់​ គឺជាក្តីបារម្ភធំមួយ​គ្រា ដែលសន្ទុះនៃការអភិវឌ្ឍមានការកើតឡើងខ្លាំងនៅក្រុងព្រះសីនុ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ”។

ដើម្បីដោះស្រាយបញ្ហានេះលោកយន្ត មីនបានណែនាំអោយម្ចាស់ទីតាំងអាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ បឹងហ្គាឡូ រីស្សត និងភោជនីយដ្ឋាននៅតាមឆ្នេរកោះនេះ អោយរួមគ្នាថែររក្សារបរិស្ថានអោយបានល្អ ក្នុងនោះលោកបានជំរុញអោយទីតាំងទាំងនោះ ត្រូវរៀបចំប្រព័ន្ធអាងចម្រោះទឹកកខ្វក់ អោយបានត្រឹមត្រូវ ដើម្បីចម្រោះទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ ធ្វើយ៉ាងណានាំគ្នាលើកកម្ពស់សោភ័ណ្ឌភាពនេះ ឆ្នេរនៅតំបន់ឆ្នេរកោះរ៉ុងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកំសាន្តកាន់តែច្រើនថែមទៀត។

ពាក់ព័ន្ធនឹងបញ្ហាទឹកកខ្វក់នេះដែរ ដោយមានការគាំទ្រពីថ្នាក់ជាតិផងនោះ ស្ថានីយ៍បូមទឹកកខ្វក់ចំនួន៤ ទីតាំងនៅក្រុងព្រះសីហនុ បាននឹងកំពុងស្ថាបនា សំរាប់បូមចូលទៅស្ថានីយ៍ចំរោះធំមួយមានទំហំជាង១៦ហិចតា ដើម្បីធ្វើការចម្រោះជាតិពុលសិនមុនឹងបង្ហូរចូលទៅសមុទ្រ។

លោកយន្ត មីន បានបញ្ជាក់ថា អនាគតដ៏ខ្លីបញ្ហាគ្រប់គ្រងទឹកសំអុយនឹងត្រូវដោះបាន។ ជាដំណោះស្រាយចំពោះមុខបច្ចុប្បន្ននេះ អាជីវកម្មដ្ឋាននៅតំបន់ដីគោកនេះកំពុងរៀបចំធ្វើអាងចម្រោះទឹកកខ្វក់បានមួយចំនួនហើយ។ ដោយឡែកទីតាំងមួយចំនួនទៀតដែលមិនទាន់រៀបចំធ្វើអាងចម្រោះទឹកកខ្វក់​ រដ្ឋបាលខេត្តកំពុងតែជំរុញអោយពួកគាត់ធ្វើអាងនេះផងដែរ​។

បញ្ហាទឹកកខ្វក់ជាកង្វល់មួយរបស់រដ្ឋាភិបាល ដែលរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ​បានប្រកាសចំណាយទឹកប្រាក់ជាច្រើនលានដុល្លារអាមេរិក ដើម្បីសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុ បន្ទាប់ពីមានកិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយលោកឧប​នាយរដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។

លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានចាត់ទុកបញ្ហាទឹកកខ្វក់ ជាបញ្ហាប្រ​ឈមមួយសម្រាប់ខេត្តព្រះសីហនុ ដោយសារខេត្តនេះមានការរីកចម្រើនលឿន ដែលធ្វើឲ្យមានកំណើនមនុស្ស ខណៈប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋនានា ពិសេសប្រព័ន្ឋចម្រោះទឹកកខ្វក់នៅតែជាបញ្ហា ប៉ុន្តែយ៉ាងណាក៏ដោយរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើបញ្ហានេះ។

លោកបន្តថា “យើងត្រូវតែរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ”៕

ប្រភព : www.propertyarea.asia